នគរបាលនិយាយថា មនុស្សយ៉ាងហោច ៦នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស នៅថ្ងៃចន្ទនេះ ក្រោយរថយន្តក្រុងដឹកអ្នកដំណើរ បានបុកជាមួយរថយន្តធំនៅរដ្ឋភាគខាងជើង Uttar Pradesh ប្រទេសឥណ្ឌា ។
លោកអធិការនគរបាល Gyananjay Singh និយាយថា អ្នករងរបួស បច្ចុប្បន្នកំពុងទទួលការព្យាបាល ហើយការស៊ើបអង្កេត កំពុងធ្វើឡើង ដើម្បីកំណត់មូលហេតុបណ្តាលឲ្យឧបទ្ទេវហេតុគ្រោះថ្នាក់នេះ កើតឡើង ។

លោកបន្តថា អ្នកដំណើរ បានវិលត្រឡប់ពីពិធីមង្គលការ ពេលដែលហេតុការណ៍បុកគ្នានេះ បានកើតឡើង ។
លោក Singh បញ្ជាក់ថា រថយន្តក្រុងដឹកអ្នកដំណើរមកពីពិធីមង្គលការនេះ បានបុកជាមួយរថយន្តធំនៅលើកំណាត់ផ្លូវ Dhaulana-Gulawati ហើយក្រុមនគរបាល បានធ្វើដំណើរទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីចាប់ផ្តើមការស៊ើបអង្កេត ក៏ដូចជាចាប់ផ្តើមការងារជួយសង្រ្គោះ ។
លោកនិយាយទៀតថា ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមនុស្ស ៦នាក់ បានស្លាប់នៅចំណុចកើតហេតុ ហើយមនុស្ស ៧នាក់ផ្សេងទៀត ដែលរងរបួស ទទួលបានការព្យាបាល ៕
