យោធាអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបំផ្ទុះទូកពីរគ្រឿង ដែលត្រូវបានចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់មនុស្សសរុបចំនួន ៥ នាក់ និងបន្សល់ទុកអ្នក នៅរស់រានមានជីវិតម្នាក់ ខណៈដែលរដ្ឋបាលលោក ត្រាំ កំពុងបន្តយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀន នៅអាមេរិកឡាទីន ខណៈពេលដែលកំពុងរៀបចំការបិទផ្លូវនៅកំពង់ផែអ៊ីរ៉ង់ ដោយកងទ័ពទឹក។
ការវាយប្រហារកាលពីថ្ងៃសៅរ៍ បានធ្វើឲ្យចំនួនមនុស្សដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើទូកដោយយោធាអាមេរិក កើនឡើងដល់យ៉ាងហោចណាស់ ១៦៨នាក់ ចាប់តាំងពីរដ្ឋបាលលោក ត្រាំ បានចាប់ផ្តើមកំណត់គោលដៅលើអ្នកដែលខ្លួនហៅថា «ភេរវករគ្រឿងញៀន» នៅដើមខែកញ្ញា។

ដោយមានសេចក្តីថ្លែងការណ៍ភាគច្រើនរបស់យោធាលើការវាយប្រហាររាប់សិបលើក នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រការ៉ាអ៊ីប ទីបញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានកំណត់គោលដៅលើអ្នកជួញដូរគ្រឿងញៀននៅតាមបណ្តោយផ្លូវរត់ពន្ធដែលគេស្គាល់។ យោធាមិនបានផ្តល់ភស្តុតាងថា នាវាកំពុងដឹកជញ្ជូនគ្រឿងញៀននោះទេ។ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានបង្ហាញទូកតូចៗ កំពុងធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនេះ មុនពេលពួកវា ត្រូវបានវាយប្រហារ។
ទីបញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ខ្លួនបានជូនដំណឹងដល់ឆ្មាំសមុទ្រសហរដ្ឋអាមេរិកឲ្យបើកដំណើរការប្រព័ន្ធស្វែងរក និងជួយសង្គ្រោះសម្រាប់អ្នកនៅរស់រានមានជីវិត។ ឆ្មាំសមុទ្របានបញ្ជាក់ថា ខ្លួនកំពុងសម្របសម្រួលការស្វែងរក ហើយបាននិយាយថា ព័ត៌មានថ្មីៗ នឹងត្រូវបានផ្តល់ជូន នៅពេលដែលមាន៕
