ក្រុមកម្មករនាំគ្នាដុតកម្ទេចចោលរថយន្ត និងបំផ្លិចបំផ្លាញអគារ នៅទីក្រុងភាគខាងជើង Noida ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ស្របពេលបាតុកម្មជុំវិញជម្លោះប្រាក់បៀវត្សរ៍ ប្រែទៅជាអំពើហិង្សានៅរដ្ឋ Uttar Pradesh ។
រូបភាពវីដេអូឃ្លីប ឃើញរថយន្តជាច្រើនគ្រឿងរងការខូចខាត ក្នុងនោះរថយន្តមួយគ្រឿងហ៊ុមព័ទ្ធដោយអណ្តាតភ្លើង ពេលក្រុមបាតុករ ចោលដុំថ្ម ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ការកើនឡើងការចំណាយលើការរស់នៅប្រចាំថ្ងៃបង្កឡើងដោយសារសង្រ្គាមអ៊ីរ៉ង់ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កម្មកររោងចក្រ ។
លោក Narendra Kashyap គឺជាតំណាងរាស្រ្តរដ្ឋ Uttar Pradesh ជំរុញឲ្យបាតុករបញ្ឈប់ការតវ៉ា ដោយរូបលោកនិយាយថា រដ្ឋាភិបាលបើកទូលាយចំពោះការសន្ទនា ។
លោក Kashyap និយាយថា បើសិនជាពួកគេមាននូវបញ្ហា ឬការទាមទារណាមួយ ពួកយើងអាចអង្គុយចុះជជែកគ្នាបានជាមួយរដ្ឋាភិបាល ។
លោកបន្តថា ក្រុមអាជ្ញាធរ នឹងធ្វើការដោះស្រាយបញ្ហាសេសសល់ ហើយលោកសូមអំពាវនាវឲ្យក្រុមបាតុករមិនត្រូវចាញ់បោកនរណាម្នាក់នោះទេ ស្របពេលដែលភាពតានតឹងនៅតែកើនឡើងខ្លាំងទូទាំងតំបន់ ៕

