ទិន្នន័យដឹកជញ្ជូនបានបង្ហាញថា នាវាដឹកប្រេងកំពុងព្យាយាមនៅឲ្យឆ្ងាយពីច្រកសមុទ្រ Hormuz មុនពេលមានការបិទផ្លូវរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បន្ទាប់ពីការចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីចុងសប្តាហ៍កន្លងមក មិនទទួលបានលទ្ធផលផ្លែផ្កាអ្វី។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងចាប់ផ្តើមខ្ទប់ផ្លូវច្រកសមុទ្រ Hormuz ដោយបង្កើនហានិភ័យ បន្ទាប់ពីការចរចារយៈពេលយូរជាមួយអ៊ីរ៉ង់ មិនអាចឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម និងប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ២សប្តាហ៍។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឲ្យដឹងថា កងកម្លាំងអាមេរិក នឹងចាប់ផ្តើមអនុវត្តការបិទចរាចរណ៍ផ្លូវសមុទ្រទាំងអស់ដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់ នៅវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៤ ម៉ោងសកល) នាថ្ងៃចន្ទនេះ។

សេចក្តីថ្លែងការណ៍មួយ នៅលើបណ្ដាញសង្គម X បានឲ្យដឹងថា វានឹងត្រូវបានអនុវត្តដោយមិនលើកលែងឡើយ ចំពោះនាវានៃប្រទេសទាំងអស់ដែលចូល ឬចេញពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ រួមទាំងកំពង់ផែអ៊ីរ៉ង់ទាំងអស់ នៅឈូងសមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់» ផងដែរ។ សេចក្តីថ្លែងការណ៍ បានបន្ថែមថា កងកម្លាំងអាមេរិកនឹងមិនរារាំងនោះទេ ចំពោះការធ្វើនាវាចរណ៍ដោយសេរី សម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ទាំងទៅ និងមកពីកំពង់ផែដែលមិនមែនជារបស់អ៊ីរ៉ង់ ហើយព័ត៌មានបន្ថែម នឹងត្រូវបានផ្តល់ជូននាវិកពាណិជ្ជកម្ម តាមរយៈការជូនដំណឹងជាផ្លូវការ មុនចាប់ផ្តើមការបិទផ្លូវ។
ទិន្នន័យពី LSEG និង Kpler បានបង្ហាញថា ក្នុងចំណោមនាវាផ្សេងទៀត គេឃើញនាវាដឹកប្រេង Shalamar និង Khairpur ដែលមានទង់ជាតិប៉ាគីស្ថាន ចូលឈូងសមុទ្រនេះ កាលពីថ្ងៃអាទិត្យ។ ហើយទិន្នន័យ បានបង្ហាញទៀតថា នាវាដឹកប្រេង Shalamar កំពុងធ្វើដំណើរទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃចន្ទនេះ ដើម្បីផ្ទុកប្រេងឆៅ Das ខណៈដែលនាវា Khairpur កំពុងធ្វើដំណើរទៅកាន់គូវ៉ែត ដើម្បីផ្ទុកផលិតផលចម្រាញ់៕

