ពេលសួរពីការគំរាមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការបិទដោយកងទ័ពជើងទឹកនៅច្រកសមុទ្រ Hormuz ក្រោយជំនួបបរាជ័យជាមួយអ៊ីរ៉ង់នោះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បាននិយាយនៅថ្ងៃចន្ទនេះថា ចិនសូមជំរុញឲ្យមានការអត់ធ្មត់ និងភាពស្ងប់ស្ងាត់ ។

លោក Jiakun និយាយប្រាប់សន្និសីទសារព័ត៌មានថា ត្រូវតែរក្សាច្រកសមុទ្រសំខាន់ឲ្យសុវត្ថិភាព ប្រកបដោយស្ថិរភាព និងបម្រើដោយគ្មានឧបសគ្គដល់ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ។
លោកបន្តថា ចិនត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើការជាមួយភាគីទាំងអស់ ដើម្បីការពារសន្តិសុខថាមពល និងការផ្គត់ផ្គង់ ។
យោធាសហរដ្ឋអាមេរិក និយាយថា ពួកគេនឹងចាប់ផ្តើមបិទការធ្វើនាវាចរណ៍ទាំងអស់ដែលចេញ-ចូលកំពង់ផែអ៊ីរ៉ង់ និងតំបន់ឆ្នេរ ចាប់ពីវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុកថ្ងៃចន្ទនេះតទៅ ។
យោធាសហរដ្ឋអាមេរិក និយាយដែរថា ការឆ្លងកាត់របស់នាវានៅច្រកសមុទ្រ Hormuz ចេញ-ចូលកំពង់ផែមិនមែនជារបស់អ៊ីរ៉ង់ នឹងមិនត្រូវបានរារាំងនោះទេ ។
លោកប្រធានាធិបតី Donald Trump និយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាមេរិកនឹងស្កាត់ផងដែររាល់នាវានៅក្នុងដែនទឹកអន្តរជាតិដែលបង់ប្រាក់ឲ្យអ៊ីរ៉ង់ ៕
