ដោយដកស្រង់សម្តីមន្ត្រី និងបុគ្គលដែលដឹងពីស្ថានភាពនេះ សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងថ្លឹងថ្លែងការធ្វើការវាយប្រហារយោធា «មានកំណត់» នៅក្នុងប្រទេសអ៊ីរ៉ង់ ជាមធ្យោបាយ ដើម្បីបំបែកភាពជាប់គាំង នៅក្នុងកិច្ចចរចាសន្តិភាព។

យុទ្ធសាស្ត្រនេះកើតមានបន្ថែមលើការបិទផ្លូវរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ បន្ទាប់ពីការចរចាចុង កាលពីសប្តាហ៍កន្លងមក រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ២សប្តាហ៍។
ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលបានដំណើរការ ពីថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃអាទិត្យ គឺជាកិច្ចប្រជុំដោយផ្ទាល់លើកដំបូង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលជាង ១ទសវត្សរ៍ និងជាការពិភាក្សាកម្រិតខ្ពស់បំផុត ចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩ របស់អ៊ីរ៉ង់។
របាយការណ៍នេះបានឲ្យដឹងថា «លោក Trump និងទីប្រឹក្សារបស់លោក កំពុងគិតគូរពីការចាប់ផ្ដើមការវាយប្រហារយោធាដោយមានកំណត់ឡើងវិញ នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ថែមពីលើការបិទខ្ទប់របស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz»។ ហើយដោយលើកឡើងពីសម្ដីរបស់មន្ត្រីទាំងនោះ សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា វា «គឺជាជម្រើសមួយ ក្នុងចំណោមជម្រើសដែលលោក Trump កំពុងពិចារណា កាលពីថ្ងៃអាទិត្យ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីការចរចា បានដួលរលំ នៅក្នុងប្រទេសប៉ាគីស្ថាន។
របាយការណ៍នេះបានបន្តថា ប្រធានាធិបតីអាមេរិក អាចចាប់ផ្ដើមយុទ្ធនាការទម្លាក់គ្រាប់បែកពេញលេញ ប៉ុន្តែមន្ត្រីបានបញ្ជាក់ថា វាទំនងជាមិនអាចនោះទេ។ សារព័ត៌មាន WSJ ដោយដកស្រង់សម្ដីជំនួយការ បានបន្ថែមថា លោក Trump នៅតែបើកចំហ ចំពោះដំណោះស្រាយការទូត។ សេតវិមាន បានបដិសេធមិនជជែក អំពីជម្រើសជាក់លាក់របស់លោក Trump នោះទេ៕
