កីឡាករបាល់ទាត់ហ្គាណា Dominic Frimpong ត្រូវបានសម្លាប់ អំឡុងករណីចោរប្លន់ប្រដាប់អាវុធលើរថយន្តក្រុងក្រុម Berekum Chelsea របស់លោក ពេលពួកគេវិលត្រឡប់ពីការប្រកួតក្រៅទឹកដីនៅការប្រកួត Ghana Premier League ។ នេះបើយោងតាមការអះអាងរបស់សមាគមបាល់ទាត់ហ្គាណា បានឲ្យដឹង ។ ពួកគេនិយាយថា កីឡាករ Frimpong វ័យ ២០ឆ្នាំ បានស្លាប់ នៅក្នុងឧបទ្ទេវហេតុមួយនេះ ។

ការវាយប្រហារកាលពីថ្ងៃអាទិត្យ បានកើតឡើងនៅចន្លោះទីក្រុង Goaso និងទីក្រុង Bibiani ពេលដែលក្រុមធ្វើដំណោះរមកទឹកដីរបស់ខ្លួនវិញ ពីការប្រកួតជាមួយក្រុម Samartex ស្ថិតនៅទីក្រុង Samreboi ភាគខាងត្បូងប្រទេស ។
ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទនេះថា នៅតាមផ្លូវត្រឡប់ទៅកាន់ទីក្រុង Berekum ចេញពីទីក្រុង Samreboi ក្រុមរបស់ពួកយើងត្រូវបានវាយប្រហារដោយក្រុមចោរប្លន់ប្រដាប់អាវុធ ដែលបានបិទផ្លូវ ដើម្បីការពារមិនឲ្យពួកយើងបន្តដំណើរទៅមុខ ។
ពួកគេបន្តថា ក្រុមបិទមុខប្រដាប់ដោយកាំភ្លើងខ្លី និងកាំភ្លើងវែង បានចាប់ផ្តើមបាញ់ប្រហារមកលើរថយន្តក្រុងរបស់ពួកយើង ពេលដែលអ្នកបើកបរព្យាយាមបើកត្រឡប់ក្រោយ ។ ក្រុមកីឡាករ និងបុគ្គលិក បានរត់ទៅលាក់ខ្លួននៅព្រៃកម្ពោតក្បែរនោះ ។
ក្រុមជនសង្ស័យ ពុំត្រូវបានចាប់ខ្លួននោះទេ ខណៈការស៊ើបអង្កេតចំពោះឧបទ្ទេវហេតុមួយនេះ កំពុងបន្ត ៕
