ទីក្រុងប៉េកាំងបានឲ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) នឹងបំពេញទស្សនកិច្ចប្រទេសចិន នៅសប្តាហ៍នេះ ខណៈដែលភាគីទាំងពីរ សង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ឡាវរ៉ូវ នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា»។

លោក Guo បាននិយាយថា លោក ឡាវរ៉ូវ នឹងជួបពិភាក្សាជាមួយប្រមុខការទូតរបស់ប្រទេសចិន លោក វ៉ាង យី (Wang Yi) ដែលក្នុងនោះភាគីទាំងពីរនឹង «ផ្លាស់ប្តូរទស្សនៈ និងសម្របសម្រួលជំហរលើការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម»។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរ នឹងពិភាក្សាអំពី សង្គ្រាមនៅអ៊ុយក្រែន និងស្ថានភាពនៅមជ្ឈិមបូព៌ា។
ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ គឺជាដៃគូសេដ្ឋកិច្ច និងនយោបាយជិតស្និទ្ធ ហើយទំនាក់ទំនងនេះ បានកាន់តែស៊ីជម្រៅ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ ២០២២៕
