ក្រុមអ្នកវិភាគ បានព្រមានថា ការបិទរបស់កងទ័ពជើងទឹកតាមការគ្រោងទុករបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើអ៊ីរ៉ង់ នឹងធ្វើឲ្យការដឹកជញ្ជូនកាន់តែយ៉ាប់យ៉ឺនថែមមួយកម្រិតទៀត ធ្វើឲ្យវិបត្តិថាមពលកាន់តែអាក្រក់ទៅ បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសកលកាន់តែខ្លាំងជាងមុន ។
តម្លៃប្រេងឆៅបានហក់ឡើងខ្ពស់លើសពី ១០០ដុល្លារក្នុង ១បារ៉ែល នៅថ្ងៃចន្ទនេះ ក្រោយលោក Trumpប្រកាសថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងបិទច្រកសមុទ្រ Hormuz ហើយនិងស្កាត់រាល់នាវាទាំងអស់នៅក្នុងដែនទឹកអន្តរជាតិ ដែលបង់ប្រាក់ឲ្យអ៊ីរ៉ង់ ។
លោក Trumpនិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Socialថា អ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឲ្យរកប្រាក់ចំណេញពីទង្វើជំរិតទារប្រាក់ខុសច្បាប់នេះទេ ។
យោធាសហរដ្ឋអាមេរិកនិយាយថា ពួកគេនឹងចាប់ផ្តើមបិទការធ្វើនាវាចរណ៍ទាំងអស់ដែលចេញ-ចូលកំពង់ផែអ៊ីរ៉ង់ និងតំបន់ឆ្នេរ ចាប់ពីវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុកថ្ងៃចន្ទនេះតទៅ ។
លោក Trita Parsi គឺជាសហស្ថាបនិកបង្កើតវិទ្យាស្ថាន Quincy មានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយថា ការបិទច្រករបស់សហរដ្ឋអាមេរិក នឹងមានផលប៉ះពាល់ជាបន្តបន្ទាប់ដល់សេដ្ឋកិច្ចសកល ។
លោក Parsi និយាយប្រាប់កាសែត Al Jazeera ថា អ្វីមួយដែលធ្វើឲ្យប្រេងចាកឆ្ងាយពីទីផ្សារ វានឹងធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងជំរុញតម្លៃឧស្ម័នកាន់តែកើនឡើងបន្ថែមទៀត ។
លោកថា តម្លៃប្រេងឆៅអាចកើនឡើងលើសពី ១៥០ដុល្លារ ក្នុង ១បារ៉ែល បើសិនជាការបិទច្រកនេះ នាំឲ្យមានការសងសឹកពីក្រុមឧទ្ទាមហ៊ូធីដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ដែលអាចនឹងបិទច្រកសមុទ្រ Bab al-Mandeb គឺជាច្រកសមុទ្រមួយតភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រអាដែន និងមហាសមុទ្រឥណ្ឌា ៕

