ប្រទេសតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យមានការស្តារឡើងវិញនូវផ្លូវដឹកទំនិញប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង និងជាបន្តបន្ទាប់ សម្រាប់នាវា និងយន្តហោះ ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជំរុញឲ្យ «គ្រប់ភាគី» ធានាសុវត្ថិភាពរបស់នាវិក និងនាវា។
រដ្ឋមន្ត្រីការបរទេសនៃរដ្ឋជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្តការចរចាដែល «នឹងនាំទៅរកការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍ និងសន្តិភាព និងស្ថិរភាពយូរអង្វែង នៅក្នុងតំបន់»។

រដ្ឋមន្រ្តីទាំងអស់ក៏បានសរសើរកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ប៉ាគីស្ថាន និងប្រទេសពាក់ព័ន្ធផ្សេងទៀត ដែលបានប្រឹងប្រែងធ្វើការរួមគ្នា ក្នុងដំណើរការសម្របសម្រួលនេះ។ ដោយស្វាគមន៍ ចំពោះបទឈប់បាញ់រយៈពេល ២សប្តាហ៍ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលចូលជាធរមាន តាំងពីថ្ងៃទី៨ ខែមេសា រដ្ឋមន្ត្រីការបរទេសទាំងអស់ បានអំពាវនាវឲ្យមានការអនុវត្ត «យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព» នៃបទឈប់បាញ់ដ៏ផុយស្រួយនេះ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «យើងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបន្តរក្សាលក្ខខណ្ឌអំណោយផល ដើម្បីអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព រួមទាំងការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវលក្ខខណ្ឌរបស់វា អនុវត្តនូវការអត់ធ្មត់បំផុត បញ្ឈប់អរិភាពទាំងអស់ ចាត់វិធានការដោយមានការទទួលខុសត្រូវ ជៀសវាងសកម្មភាពណាមួយដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង និងធ្វើការរួមគ្នាឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងដំណោះស្រាយដែលពាក់ព័ន្ធរបស់ UNSC (ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ)»៕


