អ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្ដើមការវាយប្រហារដោយយយានដ្រូនឡើងវិញ នាពេលយប់ នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បន្ទាប់ពីបញ្ចប់បទឈប់បាញ់ថ្ងៃបុណ្យ Easter រយៈពេល ៣២ម៉ោង ដែលត្រូវបានប៉ះពាល់ដោយការចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភបំពានទ្រង់ទ្រាយធំ។ នេះបើការឲ្យដឹងពីប្រទេសទាំង២។
កងទ័ពអាកាសអ៊ុយក្រែនបានប្រាប់ថា រុស្ស៊ីបានវាយប្រហារដោយយានដ្រូនចំនួន ៩៨គ្រឿង ដោយបន្ថែមថា អង្គភាពការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ ៨៧គ្រឿង។ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមួយកន្លែង ត្រូវបានវាយប្រហារ នៅតំបន់ Dnipropetrovsk នៅភាគកណ្តាល-ខាងកើត ដោយបន្ថែមថា ព័ត៌មានអំពីអ្នកស្លាប់ និងរបួស កំពុងត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់។

ចំណែករុស្ស៊ី បានរាយការណ៍ថា «នៅថ្ងៃទី១៣ ខែមេសានេះ កងកម្លាំងការពារដែនអាកាសដែលកំពុងបំពេញកាតព្វកិច្ច បានស្ទាក់ចាប់ និងបំផ្លាញយានដ្រូនប្រភេទយន្តហោះរបស់អ៊ុយក្រែន ៣៣គ្រឿង»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីក្រុងមូស្គូ និងគីវ បានព្រមព្រៀងគោរពបទឈប់បាញ់ ដែលមានរយៈពេលចាប់ពីម៉ោង ៤រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៣ ម៉ោងសកល) នាថ្ងៃសៅរ៍ រហូតដល់ចុងថ្ងៃអាទិត្យ។
កងទ័ពអ៊ុយក្រែនបានប្រាប់ថា ខ្លួនបានរាប់ចំនួនការរំលោភបំពានជាង ១០.០០០ដង ដោយកងទ័ពរុស្ស៊ី ដែលភាគច្រើនជាការប៉ះទង្គិចគ្នា នៅតំបន់ជួរមុខ។ ចំណែកក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ទីក្រុងគីវថា រំលោភបំពានបទឈប់បាញ់ជិត ២.០០០ដង៕


