នគរបាល បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកបាតុកម្មរបស់កម្មកររោងចក្រនៅតំបន់ជាយក្រុង Noida របស់ប្រទេសឥណ្ឌា ក្រោយវាប្រែក្លាយជាអំពើហិង្សានៅថ្ងៃចន្ទនេះ នៅថ្ងៃទី ៤នៃការផ្ទុះការតវ៉ារបស់ពួកគេ ក្នុងនោះរថយន្ត ត្រូវបានដុតកម្ទេចចោលផងដែរ ។
នគរបាលក្នុងស្រុកនិយាយនៅថ្ងៃចន្ទនេះថា កម្លាំងអតិបរមា ត្រូវបានប្រើប្រាស់ ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ ខណៈលោក Narendra Kashyap គឺជាអភិបាលរដ្ឋ Uttar Pradesh ជាកន្លែងដែលទីក្រុង Noida ស្ថិតនៅ អំពាវនាវឲ្យក្រុមបាតុករងាកមករកការពិភាក្សាលើការទាមទាររបស់ពួកគេជាមួយរដ្ឋាភិបាល ។
លោក Kashyap និយាយថា បើសិនជាពួកគេមាននូវបញ្ហា ឬការទាមទារណាមួយ ពួកយើងអាចអង្គុយចុះជជែកគ្នាបានជាមួយរដ្ឋាភិបាល ។ លោកបន្តថា ក្រុមអាជ្ញាធរ នឹងធ្វើការដោះស្រាយបញ្ហាសេសសល់ ហើយលោកសូមអំពាវនាវឲ្យក្រុមបាតុករមិនត្រូវចាញ់បោកនរណាម្នាក់នោះទេ ស្របពេលដែលភាពតានតឹងនៅតែកើនឡើងខ្លាំងទូទាំងតំបន់ ។
នគរបាលស្រុក Gautam Budh Nagar និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មន្រ្តីនគរបាលជាន់ខ្ពស់ និងក្រុមមន្រ្តីរដ្ឋបាល កំពុងប្រឹងប្រែងពិគ្រោះជាមួយក្រុមកម្មករ និងជំរុញឲ្យពួកគេរក្សាភាពអត់ធ្មត់ និងរបៀបរាបរយសង្គម ។
សូមបញ្ជាក់ថា ក្រុមកម្មកររោងចក្រនាំគ្នាដុតកម្ទេចចោលរថយន្ត និងបំផ្លិចបំផ្លាញអគារ នៅទីក្រុងភាគខាងជើង Noida ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ស្របពេលបាតុកម្មជុំវិញជម្លោះប្រាក់បៀវត្សរ៍ ប្រែទៅជាអំពើហិង្សានៅរដ្ឋ Uttar Pradesh ។ រូបភាពវីដេអូឃ្លីប ឃើញរថយន្តជាច្រើនគ្រឿងរងការខូចខាត ក្នុងនោះរថយន្តមួយគ្រឿងហ៊ុមព័ទ្ធដោយអណ្តាតភ្លើង ពេលក្រុមបាតុករ ចោលដុំថ្ម ៕