នៅក្នុងសេចក្ដីជូនដំណឹងមួយទៅកាន់នាវិកដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters នាថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឲ្យដឹងថា យោធាអាមេរិកនឹងអនុវត្តការបិទផ្លូវ នៅឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់ នៅភាគខាងកើតនៃច្រកសមុទ្រ Hormuz ហើយវិធានការនេះនឹងអនុវត្ត ចំពោះចរាចរណ៍នៃនាវាទាំងអស់ ដោយមិនគិតថា មានទង់ជាតិប្រទេសណាឡើយ។
សេចក្ដីជូនដំណឹងនេះ បានឲ្យដឹងថា ការបិទផ្លូវនេះនឹងចូលជាធរមាននៅវេលាម៉ោង ១៤:០០ ម៉ោងសកល នាថ្ងៃចន្ទនេះ។ សេចក្ដីណែនាំ បានរៀបរាប់ថា៖ «នាវាណាមួយដែលចូល ឬចាកចេញពីតំបន់ដែលត្រូវបានបិទផ្លូវដោយគ្មានការអនុញ្ញាត គឺត្រូវទទួលរងការស្ទាក់ចាប់ បង្វែរទិសដៅ និងឃាត់ទុក»។
ការផ្ដល់ដំណឹងបានបន្ថែមថា៖ «ការបិទផ្លូវនឹងមិនរារាំងនោះឡើយដល់ការឆ្លងកាត់របស់ប្រទេសអព្យាក្រឹត តាមរយៈច្រកសមុទ្រ Hormuz ទាំងទៅ ឬមកពីគោលដៅដែលមិនមែនជារបស់អ៊ីរ៉ង់»។
សេចក្ដីណែនាំនេះបានបញ្ជាក់ទៀតថា ការបិទផ្លូវ «គ្របដណ្តប់លើឆ្នេរសមុទ្រអ៊ីរ៉ង់ទាំងមូល ដែលរួមបញ្ចូល ប៉ុន្តែមិនកំណត់ ចំពោះកំពង់ផែ និងស្ថានីយប្រេងឥន្ធនៈ» និងបានបន្ថែមថា ការដឹកជញ្ជូនមនុស្សធម៌ រួមទាំងអាហារ សម្ភារៈវេជ្ជសាស្ត្រ និងទំនិញសំខាន់ៗផ្សេងទៀត នឹងត្រូវបានអនុញ្ញាត ដោយស្ថិតនៅក្រោមការត្រួតពិនិត្យ។
ទីក្រុងតេអេរ៉ង់បានគំរាមកំហែងសងសឹក ប្រឆាំងនឹងកំពង់ផែនៃប្រទេសជិតខាងឈូងសមុទ្ររបស់ខ្លួន បន្ទាប់ពីកិច្ចពិភាក្សាចុងសប្តាហ៍ មិនបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម ដែលបណ្តាលឲ្យបទឈប់បាញ់ស្ថិតក្នុងហានិភ័យ៕