ក្រសួងការពារជាតិឥណ្ឌូនេស៊ីនិយាយនៅថ្ងៃចន្ទនេះថា ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក កំពុងពិភាក្សាលើសំណើផ្តល់ការអនុញ្ញាតឲ្យយន្តហោះយោធាសហរដ្ឋអាមេរិក ហោះហើរឆ្លងកាត់ដែនអាកាសឥណ្ឌូនេស៊ី ប៉ុន្តែពុំទាន់មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានឈានដល់នោះទេ ។
សារព័ត៌មានជាច្រើនរាយការណ៍កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកព្យាយាមស្វែងរកការហោះហើរនៅពេលយប់សម្រាប់យន្តហោះចម្បាំងសហរដ្ឋអាមេរិកឆ្លងកាត់ដែនអាកាសឥណ្ឌូនេស៊ី ហើយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានយល់ព្រមលើសំណើមួយនេះ ។
កាសែត Sunday Guardian ដែលមានមូលដ្ឋាននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា រាយការណ៍កាលពីថ្ងៃអាទិត្យថា សំណើខាងលើនឹងអនុញ្ញាតឲ្យយន្តហោះសហរដ្ឋអាមេរិក ហោះហើរលើដែនអាកាសឥណ្ឌូនេស៊ីសម្រាប់ប្រតិបត្តិការបន្ទាន់ បេសកកម្មឆ្លើយតបវិបត្តិ និងសមយុទ្ធយោធារួមគ្នាដែលបានព្រមព្រៀងគ្នា ។
សេចក្តីរាយការណ៍នេះដែរ ត្រូវបានរាយការណ៍បន្តដោយសារព័ត៌មានឥណ្ឌូនេស៊ីជាច្រើន រួមទាំងសារព័ត៌មាន CNN Indonesia និង Jakarta Globe ផងដែរ ៕