យោធាអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា កងទ័ពរបស់ខ្លួនបានឡោមព័ទ្ធទាំងស្រុង ចំពោះទីក្រុងសំខាន់មួយ នៅភាគខាងត្បូងនៃប្រទេសលីបង់ បន្ទាប់ពីបានសម្លាប់យុទ្ធជនរបស់ក្រុមហេបូឡាជាង ១០០នាក់ នៅទីនោះ ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ។
ការប្រកាសនេះបង្ហាញពីការរុលទៅមុខដ៏ធំមួយ អំឡុងការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់។ អ្នកនាំពាក្យយោធា លោកវរសេនីយ៍ឯក Avichay Adraee បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «កងកម្លាំងនៃកងពលទី៩៨ បានបញ្ចប់ការឡោមព័ទ្ធទីក្រុង Bint Jbeil ហើយបានចាប់ផ្តើមការវាយប្រហារលើទីក្រុងនេះ»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់យុទ្ធជនរបស់ក្រុមហេសបូឡាជាង ១០០នាក់ ទាំងនៅខាងក្នុង និងជុំវិញទីក្រុងនេះ អំឡុងការប៉ះទង្គិចគ្នា «ដោយផ្ទាល់» និងការវាយប្រហារតាមអាកាស។ ហើយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ចាប់តាំងពីថ្ងៃអាទិត្យមក ការប្រយុទ្ធគ្នានៅភាគខាងត្បូងលីបង់ ត្រូវបាន «ផ្ដោត» នៅទីក្រុង Bint Jbeil។
លោក Netanyahu បានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលកំពុងវាយរុញច្រានយុទ្ធជនរបស់ក្រុមហេសបូឡាឲ្យឆ្ងាយពីព្រំដែន។ លោកបាននិយាយថា «យើងកំពុងនិយាយអំពីខ្សែក្រវាត់សន្តិសុខដ៏រឹងមាំមួយ និងជ្រៅជាងមុន ដែលជាការការពារគ្រោះថ្នាក់នៃការជ្រៀតចូល និងរុញច្រានការគំរាមកំហែងប្រឆាំងរថក្រោះ»។
ប្រទេសលីបង់ត្រូវបានទាញចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា នៅពេលដែលក្រុមហេសបូឡា បានបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារដ៏ធំ និងការលុកលុយផ្លូវគោក៕