កំពង់ស្ពឺ៖ នៅក្នុងពិធីអបអរសាទរកំពង់ស្ពឺសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺក្រោមការផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដោយរៀបចំវេចខ្ចប់នំធ្វើពីត្នោតទុំ ដើម្បីដាក់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិពិសាដោយឥតគិតថ្លៃ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា ត្នោតជាអត្តសញ្ញាណជាតិ អត្តសញ្ញាណនៃអ្នកកំពង់ស្ពឺ ។ ដូច្នេះដើម្បីលើកកម្ពស់ នៃអត្តសញ្ញាណជាតិដ៏លេចធ្លោនេះ រដ្ឋបាលខេត្ត បានរៀបចំដោយយកផ្លែត្នោតទុំមកធ្វើជានំចំរុះ ដើម្បីត្រៀមទទួលស្វាគមន៍ និងចែកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍ “កំពង់ស្ពឺសង្ក្រាន្ត” សម្រាប់ឆ្នាំនេះឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការរៀបចំឱ្យមានវត្តមាននំត្នោត សម្រាប់ជូនដល់ភ្ញៀវទេសចរសម្រាប់ពិសា ក្នុងឱកាសសង្ក្រាន្ត មិនត្រឹមតែបង្ហាញពីការបដិសណ្ឋារកិច្ច ដ៏កក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែវាបានទាំងជាការចូលរួមលើកកម្ពស់កសិផលខ្មែរ និងបង្ហាញពីសក្តានុពលដ៏សម្បូរបែប នៃទឹកដីខេត្តកំពង់ស្ពឺ។ ជាងនេះ គឺបានបង្ហាញពីរសជាតិ នៃនំត្នោតដែលវេចខ្ចប់ដោយដៃ របស់អ្នកកំពង់ស្ពឺផងដែរ ។
គួរបញ្ជាក់ថា ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំថ្មីនេះ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទៅលេងឱ្យបានច្រើនកុះករ ហើយសូមចូលរួមលេងកម្សាន្ត ជាមួយល្បែងប្រជាប្រិយគ្រប់ប្រភេទ ដែលរៀបចំដោយក្រុមការងារ ហើយសូមអញ្ជើញមកទទួលយករសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ នៃនំត្នោតចំរុះចំនួន១លាននំ ដោយឥតគិតថ្លៃ នៅបរិវេណសួនសម្តេចសង្ឃជួនណាត ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ៕ អត្ថបទ បាន សុខរិទ្ធិ



