មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem កាលពីថ្ងៃចន្ទ ទី៣ ខែមេសា បានជំរុញឱ្យប្រទេសលីបង់ លុបចោលកិច្ចប្រជុំតាមផែនការជាមួយអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោន ដោយបញ្ជាក់ជាថ្មីអំពីការច្រានចោលរបស់ក្រុមលោកចំពោះការចរចាដោយផ្ទាល់ជាមួយសត្រូវ។ លោក Qassem ដែលក្រុមរបស់លោកគាំទ្រដោយអ៊ីរ៉ង់ បានធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី២ ខែមីនា បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «យើងច្រានចោលការចរចាជាមួយអង្គភាពអ៊ីស្រាអែលដែលកំពុងដណ្តើមអំណាចដោយខុសច្បាប់។ យើងអំពាវនាវឱ្យមានជំហរជាប្រវត្តិសាស្ត្រ និងប្រកបដោយវីរភាព ដោយការលុបចោលជំនួបចរចានេះ»។
ឯកអគ្គរដ្ឋទូតលីបង់ និងអ៊ីស្រាអែលប្រចាំសហរដ្ឋអាមេរិក មានផែនការជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីការចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរ។
អាជ្ញាធរប្រទេសលីបង់ បានសង្កត់ធ្ងន់ថា ទីក្រុងបេរូត ដំបូងឡើយចង់ទទួលបានបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល-ហេសបូឡា ប៉ុន្តែអ៊ីស្រាអែលបានច្រានចោលការរំពឹងទុកនោះ ដោយនិយាយថា ខ្លួនចង់ផ្តោតលើការចរចាសន្តិភាពជាផ្លូវការជាមួយភាគីលីបង់ខ្លួនឯង ដែលខ្លួនស្ថិតក្នុងសង្គ្រាមបច្ចេកទេសរយៈពេលជាច្រើនទសវត្សរ៍មកហើយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា «យើងចង់បានការរំសាយអាវុធរបស់ក្រុមហេសបូឡា ហើយយើងចង់បានកិច្ចព្រមព្រៀងសន្តិភាពពិតប្រាកដមួយដែលនឹងនៅស្ថិតស្ថេរជាច្រើនជំនាន់»។ ទោះជាយ៉ាងណា លោក Qassem បាននិយាយថា «ការចរចាទាំងនេះ គឺឥតប្រយោជន៍ ហើយតម្រូវឱ្យមានកិច្ចព្រមព្រៀង និងការឯកភាពគ្នារបស់ប្រទេសលីបង់»។