សម្ព័ន្ធយោធា NATO បាននិយាយកាលពីថ្ងៃចន្ទ ទី១៣ ខែមេសា ថា ពួកគេនឹងមិនចូលពាក់ព័ន្ធក្នុងផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបិទច្រកសមុទ្រហ័រមូស ឡើយ ដោយស្នើឱ្យធ្វើអន្តរាគមន៍ជំនួសវិញនៅពេលដែលការប្រយុទ្ធគ្នាបញ្ចប់ ជាចំណាត់ការមួយដែលទំនងជាធ្វើឱ្យលោក Trump មានកំហឹង និងបង្កើនភាពតានតឹងនៅក្នុងសម្ព័ន្ធមិត្តនេះ។
លោក Trump បាននិយាយថា យោធាសហរដ្ឋអាមេរិក ធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីបិទចរាចរណ៍ផ្លូវទឹកតាមសមុទ្រទាំងអស់ បន្ទាប់ពីកិច្ចចរចាកាលពីចុងសប្តាហ៍មិនបានឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរយៈពេល៦សប្តាហ៍ជាមួយអ៊ីរ៉ង់។ ក្រោយមក យោធាសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការបិទច្រកសមុទ្រ ត្រូវបានអនុវត្តចំពោះតែនាវាដែលចាកចេញ ឬមកពីកំពង់ផែអ៊ីរ៉ង់ប៉ុណ្ណោះ។
សម្ព័ន្ធយោធាណាតូ រួមមានទាំងចក្រភពអង់គ្លេស និងបារាំង បាននិយាយថា ពួកគេនឹងមិនត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុងជម្លោះដោយការចូលរួមបិទច្រកសមុទ្រនោះទេ ហើយផ្ទុយទៅវិញ ពួកគេកំពុងធ្វើការលើគំនិតផ្តួចផ្តើមមួយដើម្បីបើកផ្លូវទឹកនេះ ជាកន្លែងដែលការផ្គត់ផ្គង់ប្រេងមួយភាគប្រាំរបស់ពិភពលោកជាធម្មតាឆ្លងកាត់។
ការបដិសេធមិនចូលរួមរបស់ប្រទេសទាំងនេះ គឺជាចំណុចមួយផ្សេងទៀតនៃភាពតានតឹងជាមួយលោក Trump ដែលបានគំរាមដកខ្លួនចេញពីសម្ព័ន្ធNATO ហើយកំពុងពិចារណាដកកងទ័ពសហរដ្ឋអាមេរិកមួយចំនួនចេញពីអឺរ៉ុប បន្ទាប់ពីប្រទេសជាច្រើន បានបដិសេធមិនឱ្យយន្តហោះយោធាសហរដ្ឋអាមេរិកប្រើប្រាស់ដែនអាកាសរបស់ខ្លួនសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់។