មីយ៉ាន់ម៉ា: ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរាជរដ្ឋាភិបាលកម្ពុជា ថ្លែងបញ្ជាក់ថា កម្ពុជា នៅតែជាមិត្តដ៏ល្អរបស់មីយ៉ាន់ម៉ា និងនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូរបស់ប្រទេសទាំងពីរ ដើម្បីគាំទ្រដល់ការងារទំនាក់ ទំនងនៃអាស៊ាន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ រាជរដ្ឋាភិបាលកម្ពុជា លើកឡើងនៅក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី នៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ផ្អែកតាមការអញ្ជើញពីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅទីក្រុងណៃពិដោ ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ នេះ, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានពាំនាំនូវការអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងនាមប្រមុខរដ្ឋស្តីទី និង សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ជូនឯកឧត្តមប្រធានាធិបតី និងបានបញ្ជាក់ថា កម្ពុជានៅតែជាមិត្តរបស់មីយ៉ាន់ម៉ា និងនៅបន្តជាមិត្តដ៏ល្អ ដែលនឹងបន្ត គាំទ្រគ្នាទៅវិញទៅមក។
នៅក្នុងឱកាសនៃជំនួបនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានប្រគល់លិខិតអបអរសាទររបស់សម្តេចតេជោ ជូន ដោយផ្ទាល់ ចំពោះឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា និងបានជូនពរលោកប្រធានាធិបតី ក៏ដូចគណៈរដ្ឋមន្ត្រីថ្មី ទទួលជោគជ័យក្នុងការ ដឹកនាំប្រទេសជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតី បានសម្តែងការអរគុណចំពោះវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងការចូលរួម ពិធីចូលកាន់តំណែងនាពេលនោះ និងបានបញ្ជាក់ថា កម្ពុជាជាប្រទេសជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា ជាពិសេសទំនាក់ទំនងមិត្តភាពយូរ អង្វែងរវាងមីយ៉ាន់ម៉ា-កម្ពុជា។ កិច្ចសហប្រតិបត្តិការរបស់មីយ៉ាន់ម៉ានៅក្នុងអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ច សហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតី បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមិត្តជិតស្និទ្ធ និងជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានសុខភាពល្អ និងបានសូមអរគុណកម្ពុជា ដែលតែងតែជួយ ដល់មីយ៉ាន់ម៉ានៅពេលជួបគ្រោះធម្មជាតិកន្លងមក។
នៅថ្ងៃដ៏ដែលនោះដែរ, ក្រោយពិធីជប់លៀងអាហារពេលល្ងាច, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងគណៈប្រតិភូកម្ពុជា បានជួបប្រជុំជាមួយ ឯកឧត្តម U Tin Maung Swe រដ្ឋមន្ត្រីការបរទេសថ្មីរបស់មីយ៉ាន់ម៉ា ក្នុងជំនួបនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសរំលេចថា កម្ពុជាតែងតែផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា ហើយនៅតែប្តេជ្ញាចិត្ត ក្នុងការ លើកកម្ពស់ភាពជាដៃគូនៃ សម្រាប់កិច្ចសហប្រតិបត្តិការជាប្រយោជន៍នៃប្រទេសទាំងពីរ៕
អត្ថបទ៖ សុន រ៉ាឌី







