អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីនូវការអំពាវនាវឱ្យបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលលើពលរដ្ឋប៉ាឡេស្ទីនដែលភៀសខ្លួននៅក្នុងតំបន់ហ្កាហ្សា ព្រមទាំងវិធានការជម្លៀសដោយបង្ខំនៅក្នុងតំបន់កាន់កាប់ West Bank។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃចន្ទដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR)បានឲ្យដឹងថា អ្នកជំនាញបានរៀបរាប់លម្អិតអំពីឧប្បត្តិហេតុជាច្រើនកាលពីក្នុងខែមីនា ដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានដុតបំផ្លាញតង់របស់ពលរដ្ឋប៉ាឡេស្ទីនដែលជម្លៀសខ្លួននៅតំបន់ហ្កាហ្សា និងបានសម្លាប់មនុស្សជាច្រើននាក់។ គណៈកម្មការបាននិយាយថា «វដ្តនៃការជម្លៀសប្រជាជន ភេរវកម្ម និងការវាយប្រហារកំណត់គោលដៅនេះ បម្រើគោលបំណងចុងក្រោយ ដើម្បីធ្វើឱ្យជីវិតមិនអាចស៊ូទ្រាំបានសម្រាប់ពលរដ្ឋប៉ាឡេស្ទីន និងបង្ខំពួកគេចាកចេញពីដែនដីហ្កាហ្សាជាអចិន្ត្រៃយ៍»។ គណៈកម្មការបាននិយាយថា «ប្រជាជនភាគច្រើននៅតំបន់ហ្កាហ្សា ត្រូវបានភៀសខ្លួនចេញជាច្រើនលើកច្រើនសាររួចហើយ ដែលស្មើនឹងការជម្លៀសខ្លួនដោយបង្ខំ» ហើយ «ការកំណត់គោលដៅលើតំបន់ដែលគេដឹងថាជាទីជម្រកសម្រាប់ជនស៊ីវិលភៀសខ្លួន គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ»។ អ្នកជំនាញបាននិយាយថា ជនស៊ីវិលរស់នៅក្នុងតង់ និងទីជម្រកបណ្តោះអាសន្ន កំពុងជួបប្រទះហានិភ័យសុខភាពធ្ងន់ធ្ងររួចទៅហើយ រួមទាំងភាពអត់ឃ្លាន ភាពត្រជាក់ខ្លាំង ទឹកជំនន់ និងកង្វះសេវានានាជាមូលដ្ឋាន។
គណៈកម្មការក៏បានរិះគន់ «ការកើនឡើងយ៉ាងខ្លាំងនៃការជម្លៀសពលរដ្ឋដោយបង្ខំ» នៅទូទាំងតំបន់កាន់កាប់ West Bank ដែលជំរុញដោយកងទ័ពអ៊ីស្រាអែល និងជាអ្វីដែលអ្នកជំនាញហៅថា «ភេរវកម្មដោយអ្នកតាំងលំនៅឋានគាំទ្រដោយរដ្ឋ»។ នេះរួមមានទាំង «ការវាយប្រហារជារៀងរាល់ថ្ងៃ បណ្តាលឱ្យមានការសម្លាប់ ធ្វើឲ្យរងរបួស និងការយាយីលើស្ត្រី និងកុមារ និងការបំផ្លាញលំនៅឋាន ដីស្រែចម្ការ និងជីវភាពរស់នៅរបស់ប៉ាឡេស្ទីន»។