ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទថា ប្រទេសគុយបា នឹងក្លាយជាគោលដៅបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា «យើងអាចបញ្ឈប់នៅត្រឹមប្រទេសគុយបា បន្ទាប់ពីយើងបញ្ចប់សង្គ្រាមមួយនេះ» ដោយនិយាយសំដៅទៅលើសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។
លោក Trump ក៏បាននិយាយជាថ្មីម្តងទៀតនូវការអះអាងកាលពីពេលមុនរបស់លោកថា គុយបាគឺជា «ប្រទេសកំពុងបរាជ័យ»។ ប៉ុន្មានថ្ងៃបន្ទាប់ពីបានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់ លោក Trump បានគំរាមថា គុយបានឹង «ដួលរលំក្នុងពេលឆាប់ៗនេះ» ប៉ុន្តែរដ្ឋបាលរបស់លោកនឹងផ្តោតសំខាន់លើសង្គ្រាមដែលកំពុងតែបន្តជាមួយអ៊ីរ៉ង់ នៅពេលនេះ។
លោក Trump បាននិយាយក្នុងវេទិកាវិនិយោគមួយនៅរដ្ឋ Florida កាលពីចុងខែមុនថា «គុយបា គឺជាប្រទេសបន្ទាប់ ប៉ុន្តែខ្ញុំមិនទាន់និយាយដល់នោះទេ»។ ប្រទេសគុយបា បានប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងថាមពលធ្ងន់ធ្ងរ ចាប់តាំងពីយោធាសហរដ្ឋអាមេរិក បានវាយឆ្មក់ចូលប្រទេសវ៉េណេស៊ុយអេឡា និងចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដោយប្រើប្រាស់កម្លាំងកាលពីថ្ងៃទី៣ ខែមករា។ ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅលើទីក្រុង Caracas បានប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសគុយបា ពីប្រទេសវ៉េណេស៊ុយអេឡា និងប្រទេសម៉ិកស៊ិក។