ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញភាពសប្បាយរីករាយ ខណៈបានមកលេងកម្សាន្ដសង្ក្រាន្តខេត្តកំពង់ចាម ក្នុងថ្ងៃបើកព្រឹត្តិការណ៍សង្ក្រាន្ត។
សង្ក្រាន្តកំពង់ចាម ត្រូវបានបើកឲ្យដំណើរការហើយនៅរសៀលថ្ងៃ១៣ ខែមេសាក្រោមវត្តមានឯកឧត្តម ខ្លូត ផល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ ទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅសង្ក្រាន្តកំពង់ចាមបានបង្ហាញភាពសប្បាយរីក រាយ ហើយសង្ឃឹមថាឆ្នាំនេះនឹងមានមនុស្សម្នាមកលេងកម្សាន្តកាន់តែច្រើន ក្រោមដំបូលសុខសន្តិភាព និងស្នាមញញឹម ។ ទេសចរដែលមកកម្សាន្តក៍បានឱ្យដឹងដែរថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីខេត្តកំពង់ចាមឆ្នាំនេះប្លែកជាងរាល់ឆ្នាំ ដោយបានជូនពរបងប្អូនដែលធ្វើដំណើរជិតឆ្ងាយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ ដើម្បីជៀសឆ្ងាយពីគ្រោះថ្នាក់ជាយថាហេតុ និងធ្វើឲ្យដំណើរកម្សាន្តប្រកបដោយភាពសុខសប្បាយ។
ឆ្នាំនេះខេត្តកំពង់ចាម មានរៀបចំកម្មវិធី សង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានលក្ខណៈប្លែកជាងឆ្នាំមុន។ «សង្ក្រាន្តកំពង់ចាម» មានការរៀបចំសោភ័ណ្ឌភាពក្នុងក្រុងកំពង់ចាម ហើយការរៀបចំមានភាពចម្រុះគ្នា ជាពិសេសមានដាក់ស្តង់ពិរពណ៍ផលិតផលភូមិមួយផលិតផលមួយ និងបានដាក់តាំងនូវស្នាដៃសមិទ្ធផលនានារបស់រដ្ឋបាលក្រុង-ស្រុកទាំង១០ ដោយដាក់តាំងបង្ហាញតាមដងផ្លូវក្នុងក្រុង ហើយនៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសង្ក្រាន្តកំពង់ចាមមានព្រឹត្តិការណ៍លៀសហាលចំនួន៥តោនដាក់ហាលឲ្យអ្នកភ្ញៀវទេសចរណ៍មកលេងកម្សាន្តទទួលទានដោយសេរី៕






