ទីក្រុងវ៉ាស៊ីនតោន បានស្នើឱ្យផ្អាកសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់រយៈពេល២០ឆ្នាំ ខណៈអ៊ីរ៉ង់បានតបតវិញជាមួយនឹងសំណើផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនត្រឹមតែប្រាំឆ្នាំក្នុងអំឡុងពេលចរចាដែលបានជាប់គាំងនៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍កន្លងទៅ នេះបើយោងតាមរបាយការណ៍មួយពីកាសែត The New York Times។
កាសែតនេះ បានលើកឡើងពីប្រភពដែលដឹងពីការចរចាថា ទីក្រុងវ៉ាស៊ីនតោន មិនស្វែងរកបម្រាមជាអចិន្ត្រៃយ៍លើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ទេ ជាការសម្របសម្រួលមួយដែលឱ្យទីក្រុងតេអេរ៉ង់ តវ៉ាថាខ្លួនមិនបានលះបង់សិទ្ធិជាអចិន្ត្រៃយ៍ក្រោមសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរក្នុងការផលិតឥន្ធនៈនុយក្លេអ៊ែរទេ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ភាគីសហរដ្ឋអាមេរិក បាននិយាយថា ការច្រានចោលរបស់អ៊ីរ៉ង់ក្នុងការបញ្ចប់ផែនការនុយក្លេអ៊ែររបស់ខ្លួន ការរុះរើហេដ្ឋារចនាសម្ព័ន្ធបរមាណូ និងការដឹកជញ្ជូនស្តុកឥន្ធនៈរបស់ខ្លួនចេញពីប្រទេសនេះ ជម្លោះតែងតែនៅកណ្តាល។
របាយការណ៍បាននិយាយបន្ថែមថា បញ្ហាផ្សេងទៀតដែលកំពុងកើតឡើងជុំវិញការចរចា រួមមានការស្តារឡើងវិញនូវការឆ្លងកាត់ដោយសេរីនៅច្រកសមុទ្រ Hormuz និងការបញ្ចប់ការគាំទ្ររបស់អ៊ីរ៉ង់ ចំពោះក្រុមតំណាងដូចជាក្រុមហាម៉ាស និងក្រុមហេសបូឡា។ លោក JD Vance អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានដឹកនាំក្រុមចរចារបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលចរចា បាននិយាយថា មាន «ការសន្ទនាល្អៗមួយចំនួន» ជាមួយអ្នកចរចាអ៊ីរ៉ង់ ហើយបច្ចុប្បន្ន គ្រាប់បាល់គឺស្ថិតនៅលើទីក្រុងតេអេរ៉ង់។