ឈានចូលដល់ពេលល្ងាច អាកាសធាតុចាប់ផ្ដើមត្រជាក់ នៅថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋជាច្រើន បានចាប់ផ្ដើមចូលមកទស្សនា នៅទីតាំងភូមិវប្បធម៌។ ចូលមកទស្សនា ដើម្បីកម្សាន្តនឹងទស្សនីយភាពនានាដែលបានរៀបចំឡើង និងដើម្បីចូលរួមក្នុងសកម្មភាពនានាដើម្បីវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។
អាកាសធាតុចាប់ផ្ដើមចុះត្រជាក់ ចំនួនអ្នកដើរកម្សាន្តទាំងប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរបរទេស ក៏ចាប់ផ្ដើមកើនឡើង នៅតាមទីតាំងនានា នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត។ ចំនួនភ្ញៀវចូលទស្សនាភូមិវប្បធម៌ ក៏មានការកើនឡើងជាច្រើនផងដែរ។
ពួកគាត់ម្នាក់ៗចាប់អារម្មណ៍ការរៀបចំទស្សនីយភាពនានា ដែលត្រូវបានរៀបចំឡើងយ៉ាងស្រស់ស្អាត មានភាពទាក់ទាញ។ ម្នាក់ៗមិនរំលងការថតរូប នៅទីតាំងក្អមយក្ស និងផ្កានោះទេ។ លើសពីការចាប់អារម្មណ៍ទីតាំងថតរូប ពួកគាត់ក៏ចាប់អារម្មណ៍ សកម្មភាពភាពធ្វើនំអន្សម នំខ្ញី អំបុក និងការវេចខ្ចប់ អំបុក នំខ្ញី សម្រាប់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។
ទីតាំងភូមិវប្បធម៌ ដដែលនេះ ក៏មានការរៀបចំស្តង់ផ្ដល់ជំនួយ និងលក់វត្ថុអនុស្សាវរីយ៍ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីផ្ដល់ជូនដល់ វីរកងទ័ព និងពលរដ្ឋភៀសសឹកទាំងអស់។
សកម្មភាពដែលផ្សារភ្ជាប់ប្រជាពលរដ្ឋជួរក្រោយ ទៅនឹងជួរមុខ បង្ហាញច្បាស់ពីសាមគ្គីភាពខ្មែរតែមួយ ប្រជាពលរដ្ឋជួរក្រោយ មិនដែលភ្លេចពីគុណបំណាច់វីរកងទ័ព មិនដែលភ្លេចការរងទុក្ខលំបាក របស់ប្រជាពលរដ្ឋភៀសសឹក។
ទីតាំងភូមិវប្បធម៌ មានផ្ទះសិប្បកម្ម បរិវេណគំនូរលើមុខ ផ្សារភូមិ ឆាកសម្ដែង សាលាឆទាន បរិវេណកម្មវិធីអុកចត្រង្គ ផ្ទះនំខ្មែរ ផ្ទះសេដ្ឋី និងទីធ្លាសម្រាប់លេងល្បែងប្រជាប្រិយខ្មែរ នៅក្នុងភូមិវប្បធម៌ ក្អមយក្សយ៉ាងធំ ការតុបតែងជាផ្កាយ៉ាងស្រស់ស្អាត សម្រាប់ការផ្តិតយករូបភាព។
នៅល្ងាចនេះ ទីតាំងភូមិវប្បធម៌ ក៏មានការរាំវង់ជុំញាតិ និងការសម្ដែងល្ខោនក្បាច់បុរាណ ព្រះទេវីចម្បាំង ។
អត្ថបទ៖គឹមហុក









