រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានធ្វើជាប្រធានកិច្ចប្រជុំដ៏កម្រមួយរវាងក្រុមអ្នកចរចាអ៊ីស្រាអែល និងលីបង់ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ដោយរូបលោកបានចាត់ទុកជំនួបមួយនេះថា ជាឱកាសប្រវត្តិសាស្រ្ត ។
លោក Rubio និយាយថា នេះគឺជាដំណើរការ មិនមែនជាព្រឹត្តការណ៍នោះទេ ។ នេះមានរយៈពេលលើសពី ១ថ្ងៃ វាត្រូវការពេលវេលា ប៉ុន្តែពួកយើងមានជំនឿថា កិច្ចខិតខំនេះមានតម្លៃ ហើយវាគឺជាការជួបជុំគ្នាជាប្រវត្តិសាស្រ្តដែលពួកយើងសង្ឃឹមថានឹងបន្តឆ្ពោះទៅមុខ ។
ជំនួបនេះដែរ បានចាប់ផ្តើម ស្របពេលដែលអ៊ីស្រាអែលបន្តវាយប្រហារគោលដៅជាច្រើនកន្លែង នៅតំបន់ភាគខាងត្បូងប្រទេសលីបង់ ។
ការផ្ទុះអាវុធឆ្លងព្រំដែន ត្រូវបានឮ ហើយឧទ្ធម្ភាគចក្រ ត្រូវបានគេមើលឃើញហោះសំកាំងនៅលើអាកាស ស្របពេលដែលអ៊ីស្រាអែល បន្តជំរុញសង្រ្គាមរបស់ពួកគេលើក្រុមហេសបូឡា ។
អ៊ីស្រាអែល បានច្រានចោលកិច្ចពិភាក្សាលើបទឈប់បាញ់ ហើយនិងទាមទារឲ្យលីបង់រំសាយអាវុធក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយនេះ ។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកលោក Yechiel Leiter ដែលបានចូលរួមជំនួបនៅក្នុងទីក្រុងវ៉ាស៊ីនតោន បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចប្រជុំនេះ ។
លោក Leiter និយាយថា អ្វីដែលផ្តល់ក្តីសង្ឃឹមដល់ពួកយើងគឺ រដ្ឋាភិបាលលីបង់បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ពួកគេលែងត្រូវបានកាន់កាប់ដោយក្រុមហេសបូឡាទៀតហើយៗអ៊ីរ៉ង់ក៏ទន់ខ្សោយកម្លាំងផងដែរ ។
លោកបន្តថា ក្រុមហេសបូឡាទន់ខ្សោយកម្លាំអដូចគ្នា ដូច្នេះហើយ នេះគឺជាឱកាសមួយ វាគឺជាពេលវេលាដំបូងដែលប្រទេសទាំង ២របស់ពួកយើង អង្គុយនិយាយគ្នា ។
សូមបញ្ជាក់ថា អ៊ីស្រាអែល និងលីបង់ បានឯកភាពចូលរួមកិច្ចចរចាដោយផ្ទាល់ នៅតាមពេលវេលា និងទីកន្លែងដែលបានព្រមព្រៀងគ្នា បន្ទាប់ពីជំនួបកាលពីថ្ងៃអង្គារ ៕