ក្រសួងមហាផ្ទៃគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា មនុស្ស ៤នាក់ រួមទាំង ក្មេងប្រុស Yahya Al Malahi អាយុ ៣ឆ្នាំ ដែរនោះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលមានគោលដៅលើរថយន្តនគរបាលនៅទីក្រុងហ្កាហ្សា ។
ពួកគេបន្តថា មន្រ្តីនគរបាលម្នាក់ ស្ថិតក្នុងចំណោមមនុស្សស្លាប់ ខណៈមនុស្ស ៩នាក់ផ្សេងទៀត ដែលឈរនៅក្បែរនោះ បានរងរបួស ។
អាជ្ញាធរសុខភាព និងគ្រួសារជនរងគ្រោះនិយាយថា នៅក្នុងឧបទ្ទេវហេតុដាច់ដោយឡែកមួយ ទៀតនៅជិតទីក្រុង Jabalia អ៊ីស្រាអែល បានសម្លាប់ក្មេងអាយុ ១៤ឆ្នាំម្នាក់ ។
ករណីស្លាប់មនុស្សនេះដែរ គឺជាអំពើហិង្សាចុងក្រោយនៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ដែលបានធ្វើឲ្យអន្តរាយដល់កិច្ចព្រមព្រៀងបទឈប់បាញ់រៀបចំឡើងដោយសហរដ្ឋអាមេរិក ។
យោធាអ៊ីស្រាអែល ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេចំពោះឧបទ្ទេវេហេតុទាំង ២លើកនេះ ។
សូមបញ្ជាក់ថា បទឈប់បាញ់បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន ដើម្បីបញ្ឈប់សង្រ្គាមពេញបន្ទុករយៈពេល ២ឆ្នាំរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ប៉ុន្តែទាហានអ៊ីស្រាអែលនៅតែបន្តគ្រប់គ្រងតំបន់គ្មានមនុស្សរស់នៅ ដែលធ្លាប់ជាកន្លែងស្នាក់អាស្រ័យរបស់មនុស្សជាងកន្លះលាននាក់នៅហ្កាហ្សា ។
មនុស្សជាង ៧៥០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ខណៈក្រុមជីវពលបានសម្លាប់ទាហានអ៊ីស្រាអែល ៤នាក់ ។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានដាក់ការស្តីបន្ទោសគ្នាទៅវិញទៅមកសម្រាប់ការបំពានបទឈប់បាញ់ ៕