ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian និយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកពុំស្វែងរកភាពរំជើបរំជួលនោះទេ ហើយនៅតែបន្តអនុវត្តតាមច្បាប់អន្តរជាតិ ។
លោក Pezeshkian បានសួរជាសំណួរ អំឡុងដំណើរទស្សនកិច្ចទៅកាន់ក្រសួងព័ត៌មាន និងទំនាក់ទំនងថា តើពួកគេមានសិទ្ធិអ្វីបានជាមកវាយប្រហារប្រទេសរបស់ពួកយើងបែបនេះ? តើពួកយើងមានបានវាយប្រហារនរណាម្នាក់ដែរឬទេ? តើពួកយើងបំពានច្បាប់អ្វីខ្លះ? តើអ្វីខ្លះដែលពួកយើងបានធ្វើ?
លោកបន្តថា ពួកយើងយល់ថា ពួកយើងមិនគួរធ្វើសង្រ្គាមនោះទេ ដើម្បីធ្វើឲ្យប្រទេសរបស់ពួកយើងរីកចម្រើន ប៉ុន្តែក្នុងពេលតែមួយ ពួកយើងក៏យល់ដែរថា បើសិនជាពួកយើងរងការវាយប្រហារ ពួកយើងត្រូវតែក្រោកឈរឡើងឲ្យបានរឹងមាំង ហើយមិនត្រូវឱនក្បាលចំពោះពួកគេនោះឡើយ ។
សេចក្តីអត្ថាធិប្បាយរបស់លោក Pezeshkian បានកើតមានឡើង ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃអង្គារថា កិច្ចប្រជុំបញ្ចប់សង្រ្គាមអ៊ីរ៉ង់អាចនឹងចាប់ផ្តើមឡើងវិញនៅប៉ាគីស្ថាន ក្នុងរយៈពេល ២ថ្ងៃបន្ទាប់ ក្រោយបរាជ័យកិច្ចចរចាកាលពីចុងសប្តាហ៍កន្លងទៅ ជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បិទកំពង់ផែអ៊ីរ៉ង់ ។
អ្នកនាំពាក្យយោធាអ៊ីរ៉ង់ បានចាត់ទុកការរឹតត្បិតណាមួយរបស់សហរដ្ឋអាមេរិកលើការដឹកជញ្ជូនអន្តរជាតិថា ជាចោរប្លន់ ខណៈលោក Trumpនិយាយថា កងទ័ពជើងទឹកអ៊ីរ៉ង់ ត្រូវបានបំផ្លាញចោលទាំងស្រុង ៕