បាតុកម្មនៅរដ្ឋភាគឦសាន Manipur ប្រទេសឥណ្ឌា បានប្រែក្លាយជាអំពើហិង្សាកាលពីថ្ងៃអង្គារ ក្នុងនោះក្រុមនគរបាល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈក្រុមបាតុករចោលដុំថ្មមកលើពួកគេវិញ ។
បាតុកម្មបានកើតឡើង ក្រោយក្មេង ២នាក់មកពីសហគមន៍ហិណ្ឌូន Meitei ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក កាលពីថ្ងៃទី ៧ ខែមេសា នៅក្នុងផ្ទះមួយស្ថិតក្នុងស្រុក Bishnupur ។
កាលពីសប្តាហ៍មុន បាតុកម្មស្រដៀងគ្នានេះ បានកើតឡើងផងដែរ ពេលដែលក្រុមបាតុករជាស្រ្តីរាប់រយនាក់ និងក្មេងៗ នាំគ្នាដង្ហែរក្បួនទៅកាន់ស្រុក Manipur West ដោយមានកាន់រូបថតរបស់ក្មេងស្លាប់ ពេលដែលពួកគេទាមទារបញ្ចប់ភាពរំជើបរំជួលក្នុងតំបន់ ។
ក្មេង ២នាក់ដែលត្រូវបានសម្លាប់ក្នុងភាពរំជើបរំជួលចុងក្រោយនេះ រស់នៅក្នុងសហគមន៍ Meitei ដែលសមាជិករបស់ពួកគេ បានចោទប្រកាន់ថា ការវាយប្រហារខាងលើ ធ្វើឡើងដោយក្រុមជីវពល Kuki ប៉ុន្តែក្រុម Kuki បានច្រានចោលការចោទប្រកាន់មួយនេះ ។
សូមបញ្ជាក់ថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងដំបូងកាលពីខែឧសភា ឆ្នាំ ២០២៣ រវាងកុលសម្ព័ន្ធហិណ្ឌូ Meitei និងកុលសម្ព័ន្ធគ្រិស្ត Kuki ជុំវិញអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាការងារ ។ មនុស្សប្រហែល ២៦០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៦ម៉ឺននាក់ផ្សេងទៀត បានជម្លៀសខ្លួន ៕