បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool បានធ្វើដំណើរទៅទឹកដី Lisbon ប្រទេសព័រទុយហ្កាល់មុនការប្រកួតរាត្រីនេះជើងទី១ វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League។

បន្ទាប់ពីឈ្នះពាន Carabao Cup និងដេញពីក្រោយក្រុមកំពូលតារាង English Premier League, Manchester City ១ពិន្ទុ និងមានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ទៀតនោះ Liverpool សង្ឃឹមថានឹងធ្វើដំណើរបានវែងឆ្ងាយថែមទៀតនៅ UCL ដើម្បីបន្តក្តីស្រមៃឈ្នះពានបួនក្នុងមួយរដូវកាល។ ខ្សែការពារ Liverpool, Virgil van Dijk បាននិយាយថា គេចង់ធ្វើឱ្យ Liverpool មានរដូវកាលមិនអាចបំភ្លេចបាន ហើយការចង់ឈ្នះពាន ៤ ក្នុងមួយរដូវកាល មិនមែនជារឿងគួរឱ្យចង់សើចពេកទេ សំខាន់គឺមិនត្រូវធ្វើខ្លួនឱ្យមានសំពាធរាល់ការប្រកួតដែលនៅសល់។
ក្រុមរបស់លោក Jurgen Klopp មិនមានបញ្ហារបួសកីឡាករមួយរូបណាឡើយ បន្ទាប់ពីខ្សែបម្រើ Naby Keita ទើបវិលមកហ្វឹកហាត់វិញរួមជាមួយខ្សែការពារ Trent Alexander-Arnold ផងដែរ។ ចំណែក Benfica មកដល់ពេលនេះក៏មានទម្រង់លេងអស្ចារ្យដែរ បន្ទាប់ពីឈ្នះ ៩ប្រកួតជាប់គ្នាគ្របក្របខណ្ឌ មុនចាញ់ Braga ចុងក្រោយកាលពីថ្ងៃសៅរ៍ ៣-២ នៅលីគកំពូលព័រទុយហ្កាល់។ តែ Liverpool កាន់តែអស្ចារ្យទៅទៀតដោយឈ្នះ ១៦ ក្នុងចំណោម ១៧ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌ៕
អត្ថបទ៖នាង សុភាវុធ