កោះកុង៖អាជ្ញាធរខេត្តកោះកុង សហការជាមួយរដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំខ្យងចំពុះទារាប់តោនជូនប្រជាពលរដ្ឋ និងភ្លក់រសជាតិក្នុងថ្ងៃសង្ក្រាន្ត ទាំងបីថ្ងៃ ដែលមកលេងកម្សាន្តនៅមុខទីតាំងអគារដ្ឋបាលខេត្ត។
ខ្យងចំពុះទា ដែលជាធនធានជលផលដ៏សក្កានុពលប្រភពចំណូលមួយសម្រាប់ប្រជាសហគមន៍ឃុំពាមក្រសោប ខេត្តកោះកុង និងទាក់ទាញជូនភ្ញៀវទស្សនាកម្សាន្តបែបធម្មជាតិ។
លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានឲ្យដឹងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ថា ប្រជាអ្នកនេសាទប្រមូលផលខ្យងចំពុះទានៅសមុទ្រទឹករាក់គ្រប់គ្រងដោយសហគមន៍ព្រៃកោងកាងពាមក្រសោប ឱ្យដឹងថា រដូវទាញយកផលចំណេញពីទិន្នផលខ្យងចំពុះទាផ្តើមពីខែតុលាដល់ខែឧសភាជារៀងរាល់ឆ្នាំ។
លោកអភិបាលស្រុកមណ្ឌលសីមា បន្ថែមទៀតថា ខ្យងចំពុះទា ជាអាហារមួយប្រចាំនៅខេត្តកោះកុងដែលស្ងោរជ្រលក់ជាមួយទឹកត្រីកោះកុងហូប ឆាក្រៀម ឆាកែងហឹរៗ និងច្នៃជាម្ហូបបានច្រើនមុខតាមចំណង់ចំណូលចិត្តអ្នកពិសារ។
ខ្យងចំពុះទាជាជីវៈចម្រុះកកើតឡើងវិញ គ្រាន់តែចំណោយថវិកាច្រើនបន្តិចដើម្បីទិញបង្គោលយកទៅដាំជម្រៅពី ៥ ម៉ែត្រទៅ ១០ ម៉ែត្រពីផ្ទៃទឹកសមុទ្រ ហើយរុំទៃសជុំវិញបង្គោលនីមួយៗតាមរយៈការយកកូនខ្យងមកទុំព័ទ្ធរហូតដល់ពេលធំធាត់ប្រមូលផលតែម្តង៕ (អត្ថបទ:ឈឹម មករា)










