មនុស្សយ៉ាងហោច ១៤នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស នៅក្នុងហេតុការណ៍ផ្ទុះដែលបានកើតឡើងក្នុងរោងចក្រថាមពល ស្រុក Sakti ស្ថិតក្នុងរដ្ឋភាគខាងកើត Chhattisgarh ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបានឲ្យដឹងថា ឧបទ្ទេវហេតុនេះ កើតឡើងដោយសារការផ្ទុះនៅក្នុងបំពង់ឡចំហាយនៅរោងចក្រថាមពល Vedanta ។
ជនរងគ្រោះដែលភាគច្រើនមានរបួសរលាកធ្ងន់ធ្ងរនោះ ត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងស្រុកជិតគ្នា Raigarh ។
លោក Mahesh Sharma គឺជាចៅក្រមរងស្រុក Raigarh និយាយថា ជនរងគ្រោះ ៣-៤នាក់ ដែលបានរងរបួសធ្ងន់ បានស្លាប់ ហើយមនុស្ស ១២-១៣នាក់ កំពុងទទួលការព្យាបាល ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកមន្រ្តីនគរបាលស្រុក Raigarh បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ១៤នាក់ បានស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀត បានរងរបួស ៕