ទិន្នន័យតាមដានការដឹកជញ្ជូនបង្ហាញថា នាវាដឹកប្រេងចិនមួយគ្រឿងដែលរងទណ្ឌកម្មសហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃអង្គារ បើទោះបីជាមានការបិទច្រករបស់អាមេរិកក៏ដោយ ។
ទិន្នន័យពីគេហទ័ព័រ LSEG, MarineTraffic និង Kpler បង្ហាញថា នាវាដឹកប្រេង Rich Starry ក្លាយជានាវាដឹកប្រេងដំបូងគេ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រមួយនេះ និងចាកចេញពីតំបន់ឈូងសមុទ្រ ចាប់តាំងពីការបិទច្រករបស់សហរដ្ឋអាមេរិក ចាប់ផ្តើម ។
ចំណែកឯទិន្នន័យពីគេហទំព័រ MarineTraffic ឃើញទីតាំងរបស់វា នៅវេលាម៉ោង ៤ និង ៤៥នាទី ម៉ោងសកលថ្ងៃអង្គារ នៅជិតតំបន់ឆ្នេរភាគខាងត្បូងអ៊ីរ៉ង់ ហើយនិងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឈូងសមុទ្រអូម៉ង់ បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រ Hormuz ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Shanghai Xuanrun Shipping Co Ltd ដែលជាម្ចាស់គ្រប់គ្រងនាវាដឹកប្រេងមួយគ្រឿងនេះ រងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក សម្រាប់ការជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់ ។ ក្រុមហ៊ុនពុំអាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយភ្លាមៗបាននោះទេ ៕