អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា មូលដ្ឋានច្បាប់កំពុងត្រូវបានធ្វើឡើង ដើម្បីនាំយកទាហានរុស្ស៊ីដែលទទួលខុសត្រូវមកកាន់តុលាការ ជុំវិញអំពើឃោរឃៅដែលត្រូវបានចោទប្រកាន់។

ទីក្រុងមូស្គូកំពុងប្រឈមមុខនឹងភាពស្អប់ខ្ពើមជាសកល និងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម បន្ទាប់ពីកងទ័ពរុស្ស៊ីដកថយចេញពីជាយក្រុងគីវ ខណៈត្រូវបានគេមើលឃើញនៅលើដងផ្លូវ រាយប៉ាយដោយសាកសពជនស៊ីវិល។ រូបភាពដ៏គួរឲ្យសោកសង្រេងនៃសាកសពដែលមានស្នាមគ្រាប់កាំភ្លើង និងការធ្វើទារុណកម្មទុកចោលនៅលើដងផ្លូវ ឬកប់យ៉ាងប្រញាប់ នាំឱ្យមានការអំពាវនាវការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើវិមានក្រឹមឡាំង ដូចជាការកាត់ផ្តាច់ការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី។

ថ្លែងនៅក្នុងសារដែលបានថតទុកលោក Zelenskyy បានចោទប្រកាន់រុស្ស៊ីថា ព្យាយាមបំភ្លៃការពិត និងបានចាប់ផ្តើមយុទ្ធនាការក្លែងក្លាយដើម្បីលាក់បាំងកំហុសរបស់ពួកគេ ក្នុងការសម្លាប់ជនស៊ីវិលយ៉ាងច្រើននៅក្នុងទីក្រុង Mariupol។ ប្រទេសអាល្លឺម៉ង់ និងបារាំងបានប្រតិកម្ម ដែលបានឈានទៅរកការបណ្តេញចេញអ្នកការទូតរុស្ស៊ីច្រើននាក់ ដោយលើកឡើងថា ពួកគេជាអ្នកស៊ើបការណ៍ ហើយប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា មេដឹកនាំរុស្ស៊ីលោក Vladimir Putin នឹងត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម៕
អត្ថបទ៖ ប៊ុនថន