ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា មនុស្សជាង ២៧៧.000នាក់ បានឆ្លងកាត់ពីប្រទេសលីបង់ចូលទៅក្នុងប្រទេសស៊ីរី ចាប់តាំងពីដើមខែមីនាមក ស្របពេលមានភាពតានតឹងក្នុងតំបន់ កើនឡើង និងអំពើហិង្សាឆ្លងដែន ដែលធ្វើឲ្យធនធានមានកំណត់ នៅក្នុងប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមនេះ កាន់តែធ្ងន់ធ្ងរឡើង។

យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) មនុស្សប្រហែល ២៧៧.000នាក់ បានចូលទៅក្នុងប្រទេសស៊ីរី ចន្លោះថ្ងៃទី ០២ ខែមីនា ដល់ថ្ងៃទី ១២ ខែមេសា។ ក្នុងចំណោមពួកគេ ប្រហែល ២៣៤.000នាក់ ជាជនជាតិស៊ីរី រួមទាំងប្រហែល ៦៧.៣០០នាក់ ដែលមានបំណងវិលត្រឡប់មកជាអចិន្ត្រៃយ៍ និងប្រហែល ៤៣.000នាក់ ជាជនជាតិលីបង់។

គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់អង្គការសហប្រជាជាតិលើសាធារណរដ្ឋអារ៉ាប់ស៊ីរី បាន សម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់លើស្ថិរភាព និងសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ ដោយកត់សម្គាល់ថា អ្នកមកដល់ជាច្រើន បានរងរបួសរួចទៅហើយដោយសង្គ្រាមរាប់ឆ្នាំ នៅក្នុងប្រទេសស៊ីរី និងការបាញ់ផ្លោងថ្មីៗនេះ នៅក្នុងប្រទេសលីបង់។
គណៈកម្មការនេះ បាននិយាយថា ចំនួនអ្នកវិលត្រឡប់ និងជនភៀសខ្លួនដែលកំពុងកើនឡើង ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធដ៏ផុយស្រួយរបស់ប្រទេសស៊ីរីកាន់តែយ៉ាប់យ៉ឺន និងសមត្ថភាពមនុស្សធម៌មានកម្រិត ខណៈដែលមនុស្សរាប់លាននាក់នៅទូទាំងប្រទេសនេះ បន្តពឹងផ្អែកលើជំនួយ៕