ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា សកម្មភាពរបស់រដ្ឋាភិបាលអឺរ៉ុបក្នុងការផ្តលទីតាំងនិងពង្រីកការផលិតយានដ្រូនសម្រាប់អ៊ុយក្រែន កំពុង «ទាញទ្វីបនេះឲ្យចូលកាន់តែជ្រៅទៅក្នុងជម្លោះជាមួយរុស្ស៊ី»។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញTelegram របស់ខ្លួនថា៖«ជំនួសឲ្យការពង្រឹងសន្តិសុខរបស់រដ្ឋអឺរ៉ុប សកម្មភាពរបស់មេដឹកនាំអឺរ៉ុប កំពុងទាញប្រទេសទាំងនេះឲ្យចូលទៅក្នុងសង្គ្រាមជាមួយរុស្ស៊ី កាន់តែខ្លាំងឡើង»។

ក្រសួងបានបន្ថែមថា ប្រទេសមួយចំនួននៅអឺរ៉ុប បានសម្រេចចិត្តនៅថ្ងៃទី២៦ ខែមីនា ដើម្បីបង្កើនការ ផលិត និងផ្គត់ផ្គង់ដ្រូនដល់អ៊ុយក្រែន «ស្របពេលការខាតបង់កាន់តែច្រើនឡើង និងខ្វះទាហានកាន់តែច្រើនឡើងៗ នៅក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។ ការកើនឡើងនៃទិន្នផល ត្រូវបានគេរំពឹងថា នឹងត្រូវបានគាំទ្រដោយមូលនិធិដែលបានពង្រីកសម្រាប់សហគ្រាសអ៊ុយក្រែន និងសហគ្រាសរួមគ្នា ដែល ផលិតយានដ្រូនវាយប្រហារ និងសមាសធាតុរបស់ពួកវា នៅលើដីអឺរ៉ុប។
ក្រសួងបាននិយាយថា សាខារបស់ក្រុមហ៊ុនដែលត្រូវបានពិពណ៌នាថា ជាក្រុមហ៊ុនផលិតយានដ្រូនរបស់អ៊ុយក្រែន កំពុងដំណើរការនៅក្នុងប្រទេសចំនួន ៨ នៅអឺរ៉ុប ដោយបន្ថែមថា សហគ្រាសមួយចំនួនពាក់ព័ន្ធនឹងការផលិតយានដ្រូនវាយប្រហារ រួមទាំងដ្រូនអត្តឃាតផងដែរ៕
