កាសែត Financial Times (FT) បានរាយការណ៍កាលពីថ្ងៃពុធថា អ៊ីរ៉ង់បានទិញផ្កាយរណបចារកម្មចិនដោយសម្ងាត់ នៅចុងឆ្នាំ ២០២៤ ដែលអនុញ្ញាតឲ្យប្រទេសនេះកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិក នៅទូទាំងមជ្ឈិមបូព៌ា ក្នុងអំឡុងពេលសង្គ្រាមបច្ចុប្បន្ន ជាសេចក្តីរាយការណ៍មួយដែលទីក្រុងប៉េកាំង បានច្រានចោលថា មិនពិត។
ដោយបានដកស្រង់ឯកសារយោធាអ៊ីរ៉ង់ដែលលេចធ្លាយ របាយការណ៍នោះ បានបញ្ជាក់ថា ផ្កាយរណប TEE-01B ដែលសាងសង់ និងបាញ់បង្ហោះដោយក្រុមហ៊ុនចិន Earth Eye Co. ត្រូវបានទិញដោយកងកម្លាំងអវកាសរបស់កងឆ្មាំបដិវត្តន៍ឥស្លាម បន្ទាប់ពីវាត្រូវបានបាញ់បង្ហោះទៅកាន់លំហអាកាសពីប្រទេសចិន។

សារព័ត៌មាននេះ បានលើកឡើងថា មេបញ្ជាការយោធាអ៊ីរ៉ង់ បានប្រើប្រាស់ផ្កាយរណបនេះ ដើម្បីត្រួតពិនិត្យទីតាំងយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក ដោយលើកឡើងពីបញ្ជីកូអរដោនេដែលបានកំណត់ពេលវេលា រូបភាពផ្កាយរណប និងការវិភាគគន្លងផ្លូវ។ តាមរបាយការណ៍របស់ FT រូបភាពទាំងនោះ ត្រូវបានថតនៅក្នុងខែមីនា មុន និងក្រោយការវាយប្រហារដោយយានដ្រូន និងមីស៊ីលលើទីតាំងទាំងនោះ។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានទទួលសិទ្ធិចូលទៅកាន់ស្ថានីយ៍ពាណិជ្ជកម្មដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម Emposat ដែលជាក្រុមហ៊ុន ផ្តល់សេវាគ្រប់គ្រងផ្កាយរណប និងទិន្នន័យដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ជាមួយនឹងបណ្តាញដែលលាតសន្ធឹងពាសពេញអាស៊ី អាមេរិកឡាទីន និងតំបន់ផ្សេងៗទៀត។ នេះបើយោងតាមរបាយការណ៍៕
