នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃពុធ បាននិយាយថា លោកនឹងមិន «ចុះចាញ់» ទៅនឹងសម្ពាធ ដើម្បីចូលរួមក្នុងសង្គ្រាមអ៊ីរ៉ង់ទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trumpភ) បានគំរាមលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស។

លោក Starmer បានថ្លែងប្រាប់សភាថា៖«យើងនឹងមិនត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមនេះទេ។ វាមិនមែនជាសង្គ្រាមរបស់យើងទេ»។
មេដឹកនាំគណបក្សការងារនេះ បានបន្ថែមថា «ខ្ញុំមិននឹងផ្លាស់ប្តូរគំនិតរបស់ខ្ញុំទេ។ ខ្ញុំនឹងមិនចុះចាញ់ទេ។ វាពុំមែនជាផលប្រយោជន៍ជាតិរបស់យើង ក្នុងការចូលរួមសង្គ្រាមនេះទេ»។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន Sky News លោក ត្រាំ បានគំរាមផ្លាស់ប្តូរកិច្ចព្រមព្រៀងដែលបានធ្វើឡើងជាមួយចក្រភពអង់គ្លេស ដែលកំណត់ផលប៉ះពាល់ពីការវាយប្រហារដោយពន្ធគយលើទំនិញនាំចូលច្រើនប្រភេទ នៅសហរដ្ឋអាមេរិក៕
