ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយក្នុងអំឡុងពេលអាហារពេលល្ងាចឯកជនជាមួយព្រះមហាក្សត្រ Willem-Alexander និងព្រះមហាក្សត្រី Maxima នៃប្រទេសហូឡង់ថា លោកចង់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមសារព័ត៌មាន The Wall Street Journal។

យោងតាមកាសែតនេះ មេដឹកនាំអាមេរិករូបនេះ បានលើកឡើងថា លោកជឿជាក់ថា មធ្យោបាយតែមួយគត់ ដើម្បីនាំអ៊ីរ៉ង់ត្រឡប់មកតុចរចាវិញ គឺត្រូវបង្កើនសម្ពាធលើប្រទេសនេះ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅថ្ងៃទី ០៧ ខែមេសា សហរដ្ឋអាមេរិកបានប្រកាសពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់។ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាជាច្រើនជុំនៅទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃទី ១១ ខែមេសា។ គណៈប្រតិភូអ៊ីរ៉ង់ ត្រូវបានដឹកនាំដោយប្រធានសភា លោក Mohammad Bagher Ghalibaf គណៈប្រតិភូអាមេរិកដឹកនាំដោយអនុប្រធានាធិបតី លោក JD Vance។ ទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បាននិយាយបន្ទាប់ពីការចរចាថា ពុំមានកិច្ចព្រមព្រៀងណាមួយលើការដោះស្រាយជម្លោះរយៈពេលវែង ត្រូវបានសម្រេចនោះទេ ដោយសារតែមានការមិនចុះសម្រុងគ្នាជាច្រើន។ ពុំទាន់ដឹងនៅឡើយទេថាតើការពិគ្រោះយោបល់ជុំថ្មីនឹងកើតឡើងឬអត់។ ទោះយ៉ាងណាក៏ដោយ រដ្ឋបាលសហរដ្ឋអាមេរិកអះអាងថា កិច្ចចរចាអាចនឹងបន្តឡើងវិញនៅទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
