យោធាអាមេរិក បាននិយាយកាលពីថ្ងៃពុធ (ទី១៥ ខែមេសា)ថា ខ្លួនបានធ្វើការវាយប្រហារលើនាវាមួយគ្រឿង នៅភាគខាងកើតប៉ាស៊ីហ្វិក ដែលបានសម្លាប់មនុស្ស បីនាក់។
ទីបញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បានបង្ហោះវីដេអូនៃការវាយប្រហារនាវា នៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម X ហើយបានចោទប្រកាន់ថា នាវានេះ ត្រូវបានប្រតិបត្តិការដោយ «អង្គការភេរវកម្ម ដែលខ្លួនមិនបានកំណត់អត្តសញ្ញាណ។

ទីបញ្ជាការនេះ បានបន្ថែមថា ពុំមានកងកម្លាំងយោធាអាមេរិកណាម្នាក់ បានរងរបួសនោះទេ ហើយបានពិពណ៌នាអំពីអ្នកដែលត្រូវបានសម្លាប់ថា ជា «ភេរវករគ្រឿងញៀនដែលជាបុរស» ដោយមិនផ្តល់ព័ត៌មាន លម្អិតទេ។
សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ទីតាំង ឬកាលបរិច្ឆេទនៃវីដេអូដោយឯករាជ្យបានទេ។ ពុំមានរូបភាពវីដេអូចាស់ៗ ត្រូវបានរកឃើញថា ត្រូវបានបង្ហោះតាមអ៊ីនធឺណិត នៅមុនថ្ងៃទី១៥ ខែមេសានោះទេ៕
