ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជាក់ថា បញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងរាជធានីភ្នំពេញ រយៈពេលពីរថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពិសេសគឺសម្រាប់ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានដំណើរការទៅដោយរលូន។
នៅព្រឹកថ្ងៃទី១៦ ខែមេសា នេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំដកពិសោធន៍ និងវាយតម្លៃចំពោះការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត។ កិច្ចប្រជុំដឹកនាំដោយឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ។
កិច្ចប្រជុំបានវាយតម្លៃថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ថ្ងៃទី២ គឺបានទទួលជោគជ័យ និងប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ហើយក្នុងថ្ងៃទី២ នៃពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋដើរលេងកម្សាន្ត ជាង១លាន៥សែននាក់។ ហើយនៅថ្ងៃទី៣ រំពឹងមានប្រជាពលរដ្ឋដើរលេងកម្សាន្តច្រើនជាងថ្ងៃទី១ និងថ្ងៃទី២។
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្តេជ្ញាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ដោយពង្រឹងការការពារ បញ្ជៀសការកកស្ទះជុំវិញតំបន់រមណីយដ្ឋានវត្តភ្នំ និងតំបន់កម្សាន្តសប្បាយភាព។ ត្រៀមកម្លាំងទប់ស្កាត់នៅពេលមានហេតុការណ៍កើតឡើង ពិសេសគឺទប់ស្កាត់ក្មេងទំនើងកុំឱ្យបង្កបញ្ហា៕



