នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមេសា)នេះ ថា ក្រុមហ៊ុនថាមពលរដ្ឋ Petronas នឹងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈលើសរបស់ខ្លួន ដល់ប្រទេសអូស្ត្រាលី ខណៈដែលប្រទេសទាំងពីរ បានស្វែងរកការជំរុញសន្តិសុខថាមពល បន្ទាប់ពីការរំខានដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។
លោក អាន់វ៉ា បាននិយាយថា លោកបានទទួលការធានាពីក្រុមហ៊ុន Petronas លើបញ្ហានេះ បន្ទាប់ពីការពិភាក្សាជាមួយសមភាគីអូស្ត្រាលីរបស់លោក គឺលោក Anthony Albanese ស្តីពីការជំរុញពាណិជ្ជកម្មកសិកម្ម និងប្រេងឥន្ធនៈ។

ម៉ាឡេស៊ី គឺជាចំណតទី៣របស់លោក Albanese នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី និងប្រ៊ុយណេ ខណៈដែលទីក្រុងកង់បេរ៉ា កំពុងស្វែងរកការពង្រឹងការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពល។
លោក Albanese បាននិយាយថា ប្រទេសអូស្ត្រាលីក៏បានសន្យាថា នឹងគោរពកិច្ចសន្យាដែលមានស្រាប់ជាមួយប្រទេសម៉ាឡេស៊ីផងដែរ ទោះបីជាមានការរំខានក៏ដោយ។ ប្រទេសអូស្ត្រាលី គឺជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិដ៏សំខាន់មួយទៅកាន់ប្រទេសម៉ាឡេស៊ី ដែលនាំចូលប្រហែល ២០% នៃការផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួន ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិតផលស្រូវសាលី សាច់ចៀម និងសាច់គោផងដែរ។
លោក អាន់វ៉ា និងលោក Albanese ក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរស្តីពីពាណិជ្ជកម្មសាច់ហាឡាល់ (halal) ជាកិច្ចព្រមព្រៀងមួយ ដែលមេដឹកនាំអូស្ត្រាលី បាននិយាយថា នឹងជំរុញការនាំចេញសាច់ក្រហមរបស់ប្រទេសនេះ និងគាំទ្រដល់សន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី៕
