
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានទទួលថវិកាពីក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា និងបុរី ឡេង ណាវ៉ាត្រា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ សម្រាប់បន្តប្រើប្រាស់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។ ពិធីប្រគល់-ទទួលជំនួយថវិកានេះធ្វើឡើងនាព្រឹកថ្ងៃទី០៥ មេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនេះលោកជំទាវ អាន្នី សុខអាន បានមានប្រសាសន៍ថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ គឺដើម្បីធ្វើឱ្យសមាគមជាតិ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ដែលជាទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមកោតសរសើរចំពោះបេសកកម្មមនុស្សធម៌យ៉ាងសកម្មនានារបស់កាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដែលកំពុងជួបការលំបាកដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងសូមបន្តគាំទ្រយ៉ាងពេញទំហឹងក្នុងបេសកកម្មមនុស្សធម៌ជាបន្តបន្ទាប់របស់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជា ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តថា អ្នកឧកញ៉ាផ្ទាល់ និងក្រុមគ្រួសារ ក៏ធ្លាប់រស់នៅក្នុងភាពក្រីក្រ និងទទួលបានអំណោយ ដ៏ថ្លៃថ្លាពីកាកបាទក្រហមកម្ពុជាផងដែរ ដូចនេះលោកចងចាំមិនភ្លេចនូវសកម្មភាព និងបេសកកម្មមនុស្សធម៌ដ៏មានតម្លៃរបស់កាកបាទក្រហមកម្ពុជា។ ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា និង បុរី ឡេង ណាវ៉ាត្រា មានកិត្តិយស សូមចូលរួមជាទឹកចិត្តសប្បុរសធម៌ ជាមួយថវិកាសរុប ២លានដុល្លារអាមេរិក និង ៥,០០០ដុល្លារអាមេរិក ពីសំណាក់លោក ហេង ឡុង និងលោកស្រី ចន ច័ន្ទលក្ខិណា ដើម្បីរួមចំណែកដល់បេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ដែលស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ អាន្នី សុខអាន ក៏បានថ្លែងអំណគុណចំពោះក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា និង បុរី ឡេង ណាវ៉ាត្រា ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ និងសូមជូនពរដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ រួមទាំងលោក ហេង ឡុង និងលោកស្រី ចន ច័ន្ទលក្ខិណា ទទួលបានជោគជ័យក្នុងមុខជំនួញបន្តទៀត ។

កាកបាទក្រហមកម្ពុជាដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយសនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានកិត្តិយសសូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបង-ប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើក ទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីសមាគមជាតិ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយ សម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។ កាកបាទក្រហមកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា សប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមយ៉ាងច្រើនកុះករ ជួយឧបត្ថម្ភជាថវិកា សម្ភារៈ ដល់កាកបាទក្រហមកម្ពុជា ពុំខានឡើយ ៕




