ស្នងការនគររាជធានីភ្នំពេញបានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេលបីថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយការពារសន្តិសុខយ៉ាងតឹងរឹង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ BTV ថាការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៃព្រឹត្តុិការណ៍នគរសង្ក្រាន្ត ពីថ្ងៃទី១ ទី២ និងនៅថ្ងៃទី៣ គឺបានប្រព្រឹត្តទៅយ៉ាងរលូន និងមិនមានបាតុភាពអ្វីកើតឡើងនោះទេ។ ហើយនៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសមកដើរលេងកំសាន្តទ្វេដង គឺច្រើនជាងថ្ងៃទី១ និងថ្ងៃទី២។ ក្នុងការដើរលេងកំសាន្តប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងមិនបង្កឲ្យមានបញ្ហាអ្វីនោះទេ។
សូមជម្រាបថា ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺជាការងារចម្បងរបស់រដ្ឋបាល រាជ ធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស ដោយធ្វើកិច្ចការងារជាប្រចាំ ក្នុងការខិតខំប្រឹងប្រែងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋដែលបានចូលរួម សប្បាយភាព ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត តនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ វង្ស សុភាព






