បាល់ទាត់៖ កំពូលតារាឆ្នើមរបស់ក្លិបសេះបង្កង់ Juventus, Cristiano Ronaldo ទំនងជានឹងផ្ទេរការវិលត្រឡប់ទៅកាន់ Manchester United ជាងផ្ទេរត្រលប់ទៅ Real Madrid នេះបើយោងតាមរបាយការណ៍ចុងក្រោយស្តីពីអនាគតរបស់គាត់។

ពេលនេះ Ronaldo ស្ថិតក្នុងរដូវកាលទី៣ របស់ខ្លួននៅ Juventus ប៉ុន្តែមិនបានធ្វើឱ្យដូចបំណងដែលសង្ឃឹម ខណៈក្លិបយក្សអ៊ីតាលីមួយមិនជោគជ័យឡើយនៅ Champions League។ កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះធ្លាប់ឈ្នះ Champions League ៥ដងក្នុងអាជីពរបស់ខ្លួន ពោលគឺ ៤ដងជាមួយ Real Madrid និងមួយទៀតជាមួយ Manchester United ប៉ុន្តែនៅ Juventus ហាក់នៅឆ្ងាយពីការប្រជែងជើងឯក។ មានសារព័ត៌មានមួយចំនួននៅអឺរ៉ុប បានរាយការណ៍ស្រដៀងគ្នាអំពីអនាគតដ៏មន្ទិលរបស់ Ronaldo នៅទីក្រុង Turin ហើយពួកគេបានបញ្ជាក់ថា ប្រសិនបើគាត់សំរេចចិត្តចាកចេញនោះ ការវិលត្រឡប់ទៅកាន់ទឹកដី Old Trafford មើលទៅជាជម្រើសច្រើនជាងត្រលប់ Santiago Bernabeu។

វាពិតជាគួរឱ្យរំភើបណាស់ ដែលបានឃើញកីឡាករវ័យ ៣៦ឆ្នាំរូបនេះបានវិលត្រឡប់មកប្រទេសអង់គ្លេសវិញ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Manchester United ត្រូវការជម្រើសប្រយុទ្ធបន្ថែមទៀត បន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយដែលកីឡាករ Marcus Rashford, Anthony Martial និង Mason Greenwood មានទំរង់លេងមិនទៀងទាត់។ សូម្បីតែនៅវ័យពាក់កណ្តាល ៣០ ក៏ដោយ Ronaldo នៅតែជាកីឡាករដែលមានឥទ្ធិពលម្នាក់នៅលើលោក។ សារព័ត៌មានផ្សេងទៀតនៅអេស្ប៉ាញក៏បានលើកឡើងថា ក្លិបយក្សអេស្ប៉ាញ Real Madrid ទំនងជាផ្តោតលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ពី Paris Saint-Germain ជាជាងយក Ronaldo មកវិញ៕
អត្ថបទ៖នាង សុភាវុធ