ស្នូកឃ័រ៖ កីឡាករស្នូកឃ័រអូស្ត្រាលី Neil Robertson មិនរាថយឡើយ ក្រោយវាយបកយកឈ្នះកីឡាករជើងចាស់ John Higgins ដើម្បីគ្រងជើងឯក Tour Championship ដែលរៀបចំនៅប្រទេសវែល។ បន្ទាប់ពី John Higgins យកឈ្នះបីហ្វ្រមដំបូង Robertson ក៏តាមស្មើវិញ ៣-៣ហ្វ្រេម។
ក្រោយមកកីឡាករស្កុតឡេន John Higgins ក៏បានយកឈ្នះ ៦ហ្វ្រេមក្នុងចំណោម ៧ហ្វ្រេមដើម្បីនាំមុខ ៩-៤ហ្វ្រេម តែ Neil Robertson បានយកឈ្នះវិញ ៦ហ្វ្រេមផ្ទួនសរុបលទ្ធផល ១០-៩ហ្វ្រេមមិនគួរឱ្យជឿ។ នេះជាបរាជ័យទី៣ ហើយសំរាប់ John Higgins នៅវគ្គផ្តាច់ព្រ័ត្រដែលបានឈានដល់ក្នុងរដូវកាលនេះ ពោលគឺត្រូវការឈ្នះតែមួយហ្វ្រេមទៀតដើម្បីគ្រងជើងឯក តែធ្វើមិនបានសំរេច។ នៅ English Open វគ្គផ្តាច់ព្រ័ត្រកាលពីខែវិច្ឆិកាទល់នឹង Neil Robertson និង Northern Ireland Open វគ្គផ្តាច់ព្រ័ត្រទល់នឹង Mark Allen កាលពីខែតុលា អតីតកីឡាករជើងឯកពិភពលោក ៤សម័យរូបនេះបាននាំមុខ ៨-៦ហ្វ្រេម តែសុទ្ធតែចាញ់វិញនៅទីបញ្ចប់។
ដោយឡែកកីឡាករអង់គ្លេស Ronnie O’Sullivan ដែលឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះបានឡើងឈរលេខ ១ ពិភពលោកវិញក្រោយគូប្រជែង Mark Selby មិនបានចូលរួមការប្រកួតនេះ។ កម្មវិធីបន្ទាប់របស់ស្នូកឃ័រគឺ ការប្រកួតជើងឯកពិភពលោកដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែមេសានេះ៕
អត្ថបទ៖នាង សុភាវុធ