(កម្ពុជា)៖ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចេញសេចក្ដីថ្លែងការណ៍ជុំវិញការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបអាស៊ាន២០២៦ ដោយបង្ហាញពីការសម្រេចចិត្ត និងផលវិបាកមួយចំនួន។
យោងសេចក្តីថ្លែងការណ៍ផ្លូវការ ក្លឹបជើងឯកកម្ពុជាលើកឡើងថា បន្ទាប់ពីមានការប្រកាសជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលបានបញ្ជាក់ថា ការប្រកួតពានរង្វាន់ Shopee Cup របស់ក្លឹបទល់នឹងក្រុម Bangkok United FC នឹងត្រូវធ្វើឡើងនៅទីក្រុងហាណូយ នាថ្ងៃទី២២ ខែមេសា ក្លឹបចង់ផ្ដល់ការបកស្រាយឱ្យបានច្បាស់លាស់ជូនដល់អ្នកគាំទ្ររបស់យើង។
ព្រះខ័នរាជស្វាយរៀងបង្ហាញថា យើងយល់ច្បាស់ពីការខកចិត្ត និងអារម្មណ៍ជុំវិញស្ថានភាពមួយនេះ។ ការសម្រេចចិត្តនេះ មិនមែនធ្វើឡើងដោយក្លិបនោះទេ។ ក្លិបបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរៀបចំការប្រកួតនេះនៅក្នុងប្រទេសកម្ពុជា។ ជាការពិតណាស់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក យើងបានផ្ដល់នូវផែនការពេញលេញ និងការធានាផ្សេងៗ ដើម្បីធានាថាការប្រកួតអាចត្រូវបានរៀបចំឡើងដោយសុវត្ថិភាព និងជោគជ័យ ដូចដែលយើងធ្លាប់បានធ្វើជាច្រើននៅពេលទទួលស្វាគមន៍ក្រុមអន្តរជាតិនានា។
ជាច្រើនដងកន្លងមកនេះ យើងក៏បានលើកឡើងពីកង្វល់អំពីផលប៉ះពាល់ផ្នែកកីឡានៃការសម្រេចចិត្តនេះ រួមមានការធ្វើដំណើរអន្តរជាតិបន្ថែម និងកាលវិភាគប្រកួតដ៏មមាញឹក ដែលមានផលប៉ះពាល់ដល់ការសម្រាក ការពារសុខុមាលភាពកីឡាករ និងសមត្ថភាពរបស់យើងក្នុងការដាក់កីឡាករខ្លាំងបំផុតចូលលេងក្នុងគ្រប់កម្មវិធីប្រកួត។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏ការសម្រេចចិត្តជាចុងក្រោយនៅតែត្រូវលេងនៅទឹកដីកណ្តាល។
ក្នុងនាមជាក្លិបដែលចូលរួមក្នុងកម្មវិធីប្រកួតនេះ យើងតម្រូវឱ្យគោរពតាមបទប្បញ្ញត្តិផ្លូវការ។ ប្រសិនបើយើងបដិសេធមិនចូលរួមប្រកួត វាអាចនឹងមានផលវិបាកធ្ងន់ធ្ងរដល់ក្លិប រួមមាន៖ ការផាកពិន័យជាប្រាក់រហូតដល់ ១,០០០,០០០ ដុល្លារអាមេរិក ការហាមឃាត់មិនឱ្យចូលរួមការប្រកួតផ្សេងៗរហូតដល់ ២ឆ្នាំ ព្រមទាំងទណ្ឌកម្មបន្ថែមផ្សេងៗទៀត។
ផលវិបាកទាំងនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្លិបបាល់ទាត់របស់យើង។ ហើយយើងក៏បានជួបពិភាក្សាផ្ទៃក្នុងយ៉ាងលម្អិត និងបានវាយតម្លៃបញ្ហានេះតាមទផ្នែកច្បាប់កីឡារផងដែរ។ ដោយសារតែផលវិបាកធ្ងន់ធ្ងរដែលអាចកើតមានចំពោះក្លិប យើងគ្មានជម្រើសអ្វីក្រៅពីចូលរួមការប្រកួតនោះទេ។ យើងសូមការយោគយល់ចំពោះស្ថានភាពដែលក្លិបកំពុងជួបប្រទះ ដែលវាមិនមែនជាកំហុសដោយសារក្លិបនោះទេ។
ក្លឹបតែងតែផ្ដល់តម្លៃខ្ពស់ និងបន្តគោរពរាល់កង្វល់របស់អ្នកគាំទ្រយើងជានិច្ច។ ជាងពេលណាៗទាំងអស់ យើងត្រូវការការគាំទ្រពីអ្នកទាំងអស់គ្នា ខណៈពេលដែលយើងតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
៤ ប្រកួតកន្លងមកក្នុងពូលB នៃការប្រកួតជើងឯកក្លឹបអាស៊ាន ព្រះខ័នរាជស្វាយបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះ២ប្រកួត ស្មើមួយប្រកួត និងចាញ់មួយប្រកួត៕

