សមាជិកសហគមន៍ជ្វីហ្វអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅវិហារ Yusef Abad ទីក្រុងតេអេរ៉ង់ភាគកណ្តាលកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ដោយបានធ្វើពិធីបួងសួង ខណៈសង្គ្រាមពាក់ព័ន្ធនឹងអ៊ីរ៉ង់ នៅតែបន្ត។ នៅខាងក្នុងវិហារ អ្នកកាន់សាសនា បានឈរច្រៀងចម្រៀងជាតិអ៊ីរ៉ង់ មុនពេលស្តាប់មេដឹកនាំសហគមន៍ និងវាគ្មិននៅក្រោមរូបភាពរបស់ឥស្សរជនបដិវត្តន៍ និងសាសនារបស់ប្រទេស។

សមាជិកសហគមន៍ម្នាក់បាននិយាយថា ជម្លោះនេះ មិនគួរត្រូវបានបង្កើតឡើងជាសង្គ្រាមប្រឆាំងនឹងជ្វីហ្វនោះទេ។ «នេះពុំមែនជាជម្លោះរវាងអ៊ីរ៉ង់ និងពលរដ្ឋជ្វីហ្វទេ។ នេះជាជម្លោះរវាងអ៊ីរ៉ង់ សាសនាស៊ូដាយនិយម និងចក្រពត្តិនិយមអាមេរិក។ នេះពុំមែនជាសង្គ្រាមរវាងប្រជាជាតិទេ»។

សមាជិកសហគមន៍ បាននិយាយបន្ថែមថា ប្រជាជនជ្វីហ្វអ៊ីរ៉ង់ បានរស់នៅជាយូរមកហើយឆ្លងកាត់ជម្លោះរួមជាមួយជនជាតិអ៊ីរ៉ង់ដទៃទៀត។
លោកបាននិយាយថា «យើងជាប្រជាជនជ្វីហ្វអ៊ីរ៉ង់។ យើងជាផ្នែកមួយនៃសហគមន៍នេះ»។ «យើងបានរស់នៅទីនេះក្នុងសង្គ្រាម៨ឆ្នាំជាមួយអ៊ីរ៉ាក់ និងសង្គ្រាមនេះ។ យើងបាននៅទីនេះជាមួយបងប្អូនដទៃទៀតរបស់យើង»។
យោងតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកឆ្នាំ ២០២៣ បានឲ្យដឹងថា ប្រជាជនជ្វីហ្វអ៊ីរ៉ង់ ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៩.០០០នាក់។ សមាជិកសហគមន៍ម្នាក់ផ្សេងទៀត បាននិយាយថា អ្នកស្រីសង្ឃឹមថាការប្រយុទ្ធនឹងបញ្ចប់ ហើយបានច្រានចោលការខ្វែងគំនិតគ្នាដែលផ្អែកលើសាសនា។