អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកត្រូវទទួលខុសត្រូវសម្រាប់ការបញ្ឈប់កិច្ចចរចារវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោកក្នុងទីក្រុងវីយែន ដែលមានគោលបំណងស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

លោក Saeed Khatibzadeh បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ថា អាមេរិកត្រូវទទួលខុសត្រូវសម្រាប់ការបញ្ឈប់ការចរចាទាំងនេះ ជាកិច្ចព្រមព្រៀងដែលនឹងឈានដល់។ លោកនិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែសម្រេចផ្នែកនយោបាយសម្រាប់ការស្តារឡើងវិញកិច្ចព្រមព្រៀង ដែលទីក្រុងតេអេរ៉ង់នឹងមិនរងចាំតទៅទៀតឡើយ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា បញ្ហាមិនទាន់ដោះស្រាយមួយចំនួនមាននៅសេសសល់ក្នុងការចរចានុយក្លេអ៊ែរ ដែលការទទួលខុសត្រូវស្ថិតលើទីក្រុងតេអេរ៉ង់ ដើម្បីធ្វើការសម្រេចចិត្តបញ្ហាទាំងនេះ។ ជាមួយគ្នានេះទីក្រុងតេអេរ៉ង់កំពុងជំរុញឲ្យមានការធានាថា នៅពេលអនាគតប្រធានាធិបតីអាមេរិកនឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀង ហើយទំហំចំពោះទណ្ឌកម្មនឹងត្រូវបានកាត់បន្ថយគឺជាបញ្ហា នៅមិនទាន់ដោះស្រាយមួយផ្សេងទៀត។
ការទាមទាររបស់រុស្ស៊ីបានបង្ខំឲ្យប្រទេសមហាអំណាចពិភពលោក បញ្ឈប់ការចរចានុយក្លេអ៊ែរកាលពីដើមខែមីនា ប៉ុន្តែក្រោយមកទីក្រុងមូស្គូនិយាយថា ខ្លួនបានធានាជាលាយលក្ខអក្សរថា ពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់នឹងមិនទទួលរងផលប៉ះពាល់ ដោយទណ្ឌកម្មទាក់ទងជាមួយអ៊ុយក្រែនឡើយ ដោយបាននិយាយថា ទីក្រុងមូស្គូអនុញ្ញាតឲ្យមានការស្តារឡើងវិញកិច្ចព្រមព្រៀង ដែលត្រូវបានបោះបង់ចោលនោះឲ្យបន្តទៅមុខ៕
អត្ថបទ៖ ប៊ុនថន