នេះគឺជាផ្លូវដែលកុមារប៉ាឡេស្ទីនជាច្រើននៅក្នុងតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល ជាធម្មតាធ្វើដំណើរទៅសាលារៀន។ ប៉ុន្តែកាលពីថ្ងៃច័ន្ទ ពួកគេមិនបានទៅដល់ថ្នាក់រៀនទេ ដោយសារតែរបងលួសបន្លាទើបត្រូវបានដំឡើងថ្មីនេះ ដែលអ្នកភូមិនិយាយថា ត្រូវបានដាក់ដោយស្រាអែល។

សិស្សសាលា ត្រូវបានគេមើលឃើញកំពុងអានសៀវភៅ និងលេងនៅក្បែររបងនោះ ខណៈទាហានអ៊ីស្រាអែលនៅលើកំពូលភ្នំកំពុងសម្លឹងមើល។ ក្រុមប្រឹក្សា Yesha ដែលជាស្ថាប័នមួយតំណាងឱ្យអ្នកតាំងលំនៅតំបន់ West Bank បានប្រាប់សារព័ត៌មានរ៉យទ័រថា «របាំងមួយត្រូវបានដំឡើងដើម្បីការពារប្រជាជននៅទីតាំងលំនៅឋាន Carmel ដោយសម្របសម្រួលជាមួយអាជ្ញាធរសន្តិសុខអ៊ីស្រាអែល» បន្ទាប់ពីការប៉ុនប៉ងឈ្លានពានម្តងហើយម្តងទៀតចូលទៅក្នុងតំបន់ Carmel។

ក្រុមសិទ្ធិមនុស្សអ៊ីស្រាអែលមួយក្រុមបាននិយាយថា របងលួសបន្លានេះគឺជាផ្នែកមួយនៃយុទ្ធនាការសម្របសម្រួលដោយអ្នកតាំងលំនៅឋាន និងយោធា ដើម្បីបំភិតបំភ័យពលរដ្ឋប៉ាឡេស្ទីន និងបានបណ្តេញពួកគេចេញពីដែនដីរស់នៅ។

បន្ថែមលើការដំឡើងរបងនេះ ពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា ទាហានអ៊ីស្រាអែលក៏បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក បណ្តាលឱ្យកុមារជាច្រើននាក់មានបញ្ហាផ្លូវដង្ហើម។ នៅក្នុងសេចក្តីថ្លែងការណ៍ យោធាអ៊ីស្រាអែលបាននិយាយថា ពួកគេបានប្រើ «មធ្យោបាយបំបែកកុបកម្ម» ប្រឆាំងនឹងមនុស្សពេញវ័យ ដែលខ្លួននិយាយថា បានព្យាយាមទៅដល់បរិវេណសន្តិសុខនៃការតាំងលំនៅឋាន។ យោធា បានទទួលស្គាល់ថា កុមារមានវត្តមាន ប៉ុន្តែ ពួកគេមិនត្រូវបានកំណត់គោលដៅទេ។