ស៊ីរី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ថា ការប្រគល់ទៅឱ្យរដ្ឋាភិបាលនូវទីតាំងយោធាដែលកាលពីពេលមុនត្រូវបានប្រើប្រាស់ដោយកងទ័ពសហរដ្ឋអាមេរិកបានបញ្ចប់ ដែលខ្លួនបាននិយាយថា បង្ហាញពីការរួមបញ្ចូលគ្នាដោយជោគជ័យនៃក្រុមកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ដឹកនាំដោយក្រុមឃឺដ ទៅក្នុងរចនាសម្ព័ន្ធជាតិ។

វីដេអូមួយរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញពីបុគ្គលិកមកពីកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយក្រុមឃឺដ និងកងទ័ពស៊ីរី កំពុងដណ្តើមយកការគ្រប់គ្រងមូលដ្ឋាន Qasrak នៅតំបន់ Hasakah កាលពីថ្ងៃព្រហស្បតិ៍។

ផ្សែងត្រូវបានគេមើលឃើញហុយឡើងពីផ្នែកមួយចំនួននៅមូលដ្ឋាន ដែលអ្នកប្រយុទ្ធកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ម្នាក់បាននិយាយថា បណ្តាលមកពីកងកម្លាំងអាមេរិក ដុតសម្ភារៈមុនពេលពួកគេចាកចេញ។
រដ្ឋាភិបាលស៊ីរី និងកងកម្លាំងឃឺដ បានប្រកាសពីកិច្ចព្រមព្រៀងបទឈប់បាញ់មួយកាលពីខែមករា ដែលបានកំណត់ពីសមាហរណកម្មជាដំណាក់កាលរបស់អ្នកប្រយុទ្ធឃឺដ ជាសម្ព័ន្ធមិត្តយូរអង្វែងជាមួយសហរដ្ឋអាមេរិក ចូលទៅក្នុងរដ្ឋនេះ។
ទីក្រុងវ៉ាស៊ីនតោន បានដាក់មូលដ្ឋានកងទ័ពនៅក្នុងប្រទេសស៊ីរីរយៈពេលជាងមួយទសវត្សរ៍មកហើយ ដើម្បីជួយប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាម។